ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

ម៉ាក្រុង ចាត់ទុកវត្តមានរបស់លោកនៅកម្ពុជា គឺជាការបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា

លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់កម្ពុជា នៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។

លោក ម៉ាក្រុង បានអះអាងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ អំឡុងពេលដែលប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបទ្វេភាគីនេះ ប្រធានាធិបតីបារាំង បានកោតសរសើរការដឹកនាំរបស់សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយលោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូ រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ។ សម្ដេចធិបតីបានបន្ថែមថា វត្តមានរបស់ប្រធានាធិបតីបារាំងនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្រាប់សម្ដេចធិបតី ការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីក៏បានអរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា ផងដែរ។

ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីបារាំងបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌, និងកសិកម្ម។

ដោយឡែក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខាបន្ថែមលើសេចក្តីប្រកាសនយោបាយរួម៕ ខន ណារី

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា