កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-បារាំង ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។ ឯកឧត្តម បានបន្តថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង–កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង និងពង្រីកភាពជាដៃគូរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកវត្តមានរបស់ឯកឧត្ដមប្រធានាធិបតីបារាំង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ក្នុងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្សារល៍ ដឺហ្គោល មកកាន់កម្ពុជា កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ នៅឆ្នាំ១៩៩៣។ សម្ដេចធិបតីបានបន្ថែមថា វត្តមានជាប្រវត្តិសាស្ត្ររបស់ឯកឧត្ដមប្រធានាធិបតីនាពេលនេះ បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា–បារាំង និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្ដេចធិបតីក៏បានគូសរំលេចពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាពជាដៃគូ ឱ្យកាន់តែរឹងមាំថែមទៀត​ ជាពិសេសការការអភិវឌ្ឍសេដ្ឋកិច្ច, ការកសាងសមត្ថភាព, ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងធុរកិច្ចនិងធុរកិច្ចនៃប្រទេសទាំងពីរ។ សម្តេចធិបតីថ្លែងអំណរគុណចំពោះតួនាទីរបស់បារាំង ក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជា។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីបារាំង ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ​ ​ រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខនិងការពារជាតិ, ថាមពល, សុខាភិបាល, អប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត, វប្បធម៌, និងកសិកម្ម។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរួម ចំពោះពហុភាគីនិយម, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ពាក់ព័ន្ធស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ, សម្ដេចធិបតីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ចំពោះការខិតខំសម្របសម្រួល និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។

ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋនេះ,  ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ២៩ ត្រូវបានចុះហត្ថលេខា បន្ថែមលើសេចក្តីប្រកាសនយោបាយរួម៕

ប្រភព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា