កម្ពុជា-អាមេនី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាមេនី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច

កម្ពុជា-អាមេនី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច

ភ្នំពេញ៖​ ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នីកុល ប៉ាស៊ីនយ៉ាន (Nikol Pashinyan)នាយករដ្ឋមន្ត្រីនៃ​សាធារណ​រដ្ឋអាមេនី។ក្នុងជំនួបសមភាគីទាំង២​ ក្រៅពីការឯកភាពពង្រីកកិច្ចសហប្រតិបត្តិ​ការលើវិស័យសេដ្ឋកិច្ច និង​ការពារជាតិ សម្តេចធិបតីក៏បានជម្រាបជូនមេដឹកនាំអាមេនី អំពីការវិវត្តថ្មីៗ និងជំហរច្បាស់​លាស់របស់កម្ពុជា ក្នុងការដោះ​ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីផងដែរ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម នីកុល ប៉ាស៊ីនយ៉ាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី បានកោតសរសើរ និងអបអរសាទរយ៉ាងខ្លាំងចំពោះភាព​ជោគជ័យ​របស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ មេដឹកនាំអាមេនី បានវាយតម្លៃខ្ពស់​ចំពោះ​ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជឿជាក់ថា ជំនួបកំពូលនាពេលនេះ នឹងបើកទំព័រកាលានុវត្តភាពថ្មីបន្ថែម​ទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជា និងអាមេនី នៅមានសក្តានុពលជាច្រើនទៀតដែល​អាចពង្រីកជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ ក្នុងនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិ​បត្តិការឱ្យកាន់តែស៊ីជម្រៅ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងវិស័យការពារជាតិ។

អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ក្នុងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។សម្តេចធិបតី បានសង្កត់ធ្ងន់លើជំហរឥតងាករេរបស់កម្ពុជា ក្នុងការបន្ត​ប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា