កម្ពុជា-បារាំង បានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្ត្រចំនួន ២៩ ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-បារាំង បានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្ត្រចំនួន ២៩ ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំង

កម្ពុជា-បារាំង បានចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្ត្រចំនួន ២៩ ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតីបារាំង

កាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំង ពោលគឺរយៈពេល ៦០ឆ្នាំគត់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីបារាំង ឯកឧត្តម ហ្សាល ដឺហ្គោល (Charles de Gaulle)។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅ​កម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានចូលក្រាបបង្គំគាល់ព្រះករុណា​ព្រះមហាក្សត្រ ជួបពិភាក្សាការងារកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ២៩ ច្បាប់។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ប្រកប​ដោយ​ព្រះរាជហឫទ័យស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ព្រះរាជសវនាការដ៏ឧត្តុង្គឧត្តមនេះ បានឆ្លុះបញ្ចាំងពីចំណង​មិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ រវាងព្រះរាជវង្សានុវង្សកម្ពុជា និងសាធារណរដ្ឋបារាំង ដែលត្រូវបានពូនជ្រំតាំងពី​សម័យ​ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ រហូតមកដល់បច្ចុប្បន្ន។

នៅកម្ពុជាដដែល មុននឹងឈានដល់ជំនួបផ្លូវការនានា វត្តមានរបស់ប្រធានាធិបតីបារាំង និងលោកជំទាវ បានទទួលការ​ស្វាគមន៍ និងក្តីស្រឡាញ់យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរតាមបណ្តាញសង្គម តាមរយៈសកម្មភាពទស្សនាអាកាស​យានដ្ឋាន​អន្តរជាតិតេជោ និងការដើរកម្សាន្តដោយផ្ទាល់នៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំងនាពេលរាត្រី។

ដោយឡែកនៅរសៀលថ្ងៃទី១៥ វិច្ឆិកា នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីបារាំង។ តាមរយៈអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ,ក្នុងជំនួបដ៏កក់ក្តៅនេះ សម្តេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៦០ឆ្នាំក្រោយទស្សនកិច្ចរបស់លោក ហ្សាល ដឺហ្គោល និងបានកោតសរសើរចំពោះភាពស្និទ្ធស្នាលរបស់ប្រធានាធិបតី​បារាំងជាមួយពលរដ្ឋកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ម៉ាក្រុង បានរំលឹកពីមនោសញ្ចេតនា និងការជឿទុកចិត្តចំពោះ​សម្តេច​តេជោ ចាប់តាំងពីជំនួបនៅបារាំងកាលពីឆ្នាំ២០២២ ព្រមទាំងបានលើកសរសើរព្រះរាជតួនាទីដ៏ថ្លៃថ្លារបស់​ព្រះ​ករុណាព្រះបរមរតនកោដ្ឋ ក្នុងនាមជាស្ថាបនិកមួយរូបនៃអង្គការហ្វ្រង់កូហ្វូនី ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។

នាល្ងាចដដែល នៅវិមានសន្តិភាព ជំនួបកំពូលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានបង្កើតសមិទ្ធផលដ៏ត្រចះត្រចង់ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់គ្នាចំនួន ២៩ ឯកសារ ដែលជាឯតទគ្គកម្មថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកសារ​ទាំងនោះ គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី វិស័យការពារជាតិ ការរៀបចំ​វិជ្ជាជីវៈបេតិកភណ្ឌ ថាមពលវារីអគ្គិសនី ស្រាវជ្រាវសុខភាពសាធារណៈ ទីផ្សារបោះដុំ ព្រមទាំងកិច្ច​សហប្រតិបត្តិ​ការ​សាធារណៈ និងឯកជនចំនួន ២៣ ផ្សេងទៀត។

ក្នុងសន្និសីទសារព័ត៌មានរួម សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពជាដៃគូកម្ពុជា-បារាំង ដែលមាន​ប្រវត្តិ​ទស្សនកិច្ច ៦០ឆ្នាំក្រោយលោក ហ្សាល ដឺហ្គោល និង ៣៣ឆ្នាំក្រោយលោក ហ្វ្រង់ស័រ មីតេរ៉ង់ (François Mitterrand) គឺជាសក្ខីភាពបង្ហាញថា ប្រទេសតូចឬធំ អាចធ្វើការរួមគ្នាដោយស្មើមុខស្មើមាត់។ ទន្ទឹមនឹងការអបអរខួប ៨០ឆ្នាំនៃកិច្ច​សហប្រតិបត្តិការយោធា និងការគាំទ្ររបស់ទីភ្នាក់ងារ AFD តាំងពីឆ្នាំ១៩៩៣ មេដឹកនាំទាំងពីរក៏បានប្តេជ្ញារួមគ្នា​បង្ក្រាប​ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ដោយឡែក ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រទេសបារាំង និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំជួយសម្របសម្រួលស្វែងរក​ដំណោះ​ស្រាយ​ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាព និង​បូរណភាពទឹកដី។ ជាមួយគ្នានេះ លើវិស័យវប្បធម៌ ការជួសជុលប្រាសាទមេបុណ្យខាងលិចក្រោមជំនួយរបស់បារាំង​ត្រូវបានបញ្ចប់ជាស្ថាពរ ហើយនៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ ព្រះករុណាព្រះមហាក្សត្រ និងឯកឧត្តមប្រធានាធិបតី ម៉ាក្រុង នឹងស្តេចយាង និងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់រួមគ្នា ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ នៅលើទឹក​ដីអង្គរ ខេត្តសៀមរាប។

អ្នកតាមដាននយោបាយនៅកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនៅកម្ពុជានាពេលនេះ បានផ្តល់នូវសន្ទុះ និងត្រីវិស័យថ្មីដ៏រឹងមាំ ក្នុងការនាំទំនាក់ទំនងកម្ពុជា-បារាំង ឈានទៅកាន់កម្រិតខ្ពស់មួយទៀត ដើម្បី​ផលប្រយោជន៍ប្រជាជនទាំងពីរ និងសន្តិភាពក្នុងតំបន់។

សូមជម្រាបថា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនិងលោកជំទាវបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា