ថៃដោះសារទាំងបំពាន បន្ទាប់ពីកម្ពុជាបកអាក្រាតទង្វើឈ្លានពានក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃដោះសារទាំងបំពាន បន្ទាប់ពីកម្ពុជាបកអាក្រាតទង្វើឈ្លានពានក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅភ្នំពេញ

ថៃដោះសារទាំងបំពាន បន្ទាប់ពីកម្ពុជាបកអាក្រាតទង្វើឈ្លានពានក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅភ្នំពេញ

បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រាប់បណ្តាប្រទេសនិយាយភាសាបារាំងហ្វ្រង់កូហ្វូនីអំពីការ​ឈ្លានពានដែនដីមកលើកម្ពុជា និងបង្កវិនាសកម្ម,​ភាគីថៃបានឆ្លើយតបវិញរបៀបដោះសារ​ទាំងបំពាន​លើការពិត។

ថ្លែងនៅចំពោះមុខបណ្តាប្រទេសនិយាយភាសាបារាំង ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តំបន់អធិប​តេយ្យ​ភាពរបស់កម្ពុជាជាច្រើនកន្លែង នៅតែបន្តរងការកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ដែលធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ខ្មែរជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ​មានការគោរពនូវកិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងប្រទេស​ទាំងពីរព្រមទាំងបានស្នើឱ្យចាប់ផ្តើមដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែនគោកឡើងវិញ។ សម្តេចធិបតី បានសង្កត់​ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនដែលទើបតែបង្កើតថ្មីនោះទេ ពោលគឺជាព្រំដែន​អន្តរជាតិដែលត្រូវ​បាន​គូស​វាសយ៉ាងច្បាស់លាស់ និងទទួលស្គាល់ដោយក្របខណ្ឌអន្តរជាតិរួចទៅហើយ តាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះ។

ជុំវិញការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ,លោកឧត្តមសេនីយ៍ ប្រាផាស សនឆៃឌី (Prapas Sornchaidee) នាយកមជ្ឈមណ្ឌលព័ត៌មានរួមស្តីពីស្ថានការណ៍ថៃ-កម្ពុជាថា ប្រសិនបើថៃបានឈ្លានពាន ឬកាន់កាប់តំបន់ណា​មួយ​របស់កម្ពុជា លោកស្នើសុំឱ្យមានការផ្តល់ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន ដើម្បីបញ្ជាក់ការពិត។

ចម្លើយរបស់ថៃមួយនេះ ត្រូវអ្នកតាមដានស្ថានភាពព្រំដែនកម្ពុជា ថៃ យល់ថា ជាការបកស្រាយយករួចខ្លួនចំពោះសំណួរអ្នកកាសែតតែប៉ុណ្ណោះ ព្រោះភស្តុតាងដែលបញ្ជាក់ថា ថៃឈ្លានពាន និងគ្រប់គ្រងទឹកកម្ពុជានេះ មានរួចស្រាប់ហើយ។
លើសពីក្រសួងការពារជាតិកម្ពុជាធ្លាប់បានបង្ហាញភស្តុតាងជាបន្តបន្ទាប់រួចមកហើយ ជុំវិញទីតាំងដែលយោធាថៃចូល​កាន់​កាប់ដោយខុសច្បាប់ ដូចជា ប្រាសាទតាក្របី ប្រាសាទតាមាន់ ប្រាសាទខ្នារ និងតំបន់ជាច្រើនកន្លែងទៀតនៅ​តាម​ព្រំដែន។

លោកបណ្ឌិត ឥន សុផល អ្នកជំនាញភូមិសាស្រ្តនយោបាយ និងប្រវត្តិសាស្រ្ត បានលើកជាសំណួរថា ភាគីថៃមានបានឆ្លុះ​កញ្ចក់​មើលសកម្មភាពយោធារបស់ខ្លួននៅលើអធិបតេយ្យភាពកម្ពុជាដែរឬទេ?។

បើតាមលោកបណ្ឌិត ឥន សុផល សកម្មភាពយោធាថៃ បានផ្ទុយពីខ្លឹមសារនៃអនុស្សរណៈ ឆ្នាំ ២០០០ ដោយប្រើកម្លាំង​គ្រប់គ្រងទឹកដីកម្ពុជា មិនតែប៉ុណ្ណោះបានឈូសឆាយបំផ្លិចបំផ្លាញលំនៅដ្ឋានប្រជាជនកម្ពុជា ព្រមទាំងសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធនិងសំណង់រឹងនៅលើទឹកដីកម្ពុជា។

អ្នកជំនាញភូមិសាស្រ្តនយោបាយដដែលនេះ សូមឱ្យភាគីថៃរក្សាភាពថ្លៃថ្នូរនៅក្នុងទំនាក់ទំនងការទូតអន្តរជាតិ មុននឹង​អំពាវនាវឱ្យកម្ពុជាបង្ហាញជំហរ ចរចាដោយសន្តិភាព ត្រូវឆ្លើយតបជាផ្លូវការចំពោះកំណត់ទូតកម្ពុជា ដែលបានផ្ញើឱ្យ​ភាគី​ថៃចំនួន១២រួចទៅហើយ ដើម្បីបើកផ្លូវឱ្យគណៈកម្មាធិការចម្រុះព្រំដែនទាំងពីរធ្វើការវាស់វែងតាមផែនទី និងច្បាប់​អន្តរជាតិ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា