វៀតណាម ស្នើសហគមន៍ហ្រ្វង់កូហ្វូនី រួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ស្នើសហគមន៍ហ្រ្វង់កូហ្វូនី រួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ

វៀតណាម ស្នើសហគមន៍ហ្រ្វង់កូហ្វូនី រួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ

លោក តូ ឡឹម ប្រធានរដ្ឋវៀតណាមបានអំពាវនាវដល់សហគមន៍ហ្វ្រង់កូហ្វូនីដែលកំពុងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ភាពចម្រុះរបស់ខ្លួន ដើម្បីរួមចំណែកជាវិជ្ជមានបន្ថែមទៀតក្នុងការដោះស្រាយបញ្ហានានានៅក្នុងតំបន់ និងអន្តរជាតិ ។

ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងកិច្ចពិភាក្សាតុមូលពេញអង្គនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នៅថ្ងៃចន្ទនេះ, លោក តូ ឡឹម លើកឡើងថា ស្ថាប័ននានារបស់សហគមន៍ហ្វ្រង់កូហ្វូនី និងប្រទេសសមាជិក គួរតែបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ សម្របសម្រួល និងដោះស្រាយជម្លោះ, ការដោះស្រាយវិវាទដោយសន្តិវិធី និងការកសាងឡើងវិញនៅក្រោយជម្លោះ ។

ជាមួយគ្នានេះ លោក តូ ឡឹម ក៏បានអំពាវនាវឲ្យសហគមន៍ហ្រ្វង់កូហ្វូនីជំរុញពហុភាគីនិយម និងជួយបង្កើតសណ្តាប់ធ្នាប់អន្តរជាតិមួយប្រកបដោយយុត្តិធម៌ និងផ្អែកលើច្បាប់អន្តរជាតិ ។

បើតាមកាសែត Tuoi Tre, លោក តូ ឡឹម ក៏បានស្វាគមន៍គំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាមួយស្តីពីការកសាងសន្តិភាពផងដែរ ។

ប្រធានរដ្ឋវៀតណាមវ័យ ៦៩ ឆ្នាំរូបនេះបញ្ជាក់ថា តាមរយៈសាមគ្គីភាព និងការស្វែងរកផលប្រយោជន៍រួម សហគមន៍ហ្វ្រង់កូហ្វូនី នឹងអាចចូលរួមចំណែកជាក់ស្តែងបន្ថែមទៀត ក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព ។

លោកថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ នឹងផ្តល់ឱកាសដល់សមាជិកនានា មិនត្រឹមតែដើម្បីបញ្ជាក់ជាថ្មីនូវតម្លៃរួមដែលពួកគេចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយចំពោះអនាគតនៃសហគមន៍មួយនេះផងដែរ ។

ក្រៅពីដំណើរការនយោបាយ និងសន្តិសុខ, លោក តូ ឡឹម ក៏បានស្នើសហគមន៍ហ្រ្វង់កូហ្វូនីគួរតែមានការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌, ការអប់រំ និងការបណ្តុះបណ្តាល ក៏ដូចជាការគាំទ្រដល់សហគ្រិនភាពរបស់យុវជនផងដែរ ៕

ប្រភព ៖ Tuoi Tre ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា