អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាពកម្ពុជា និងអំពាវនាវឱ្យដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាពកម្ពុជា និងអំពាវនាវឱ្យដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាពកម្ពុជា និងអំពាវនាវឱ្យដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដ៏រ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់អះអាងជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នារសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ។
 
ប្រទេសទាំង ៨១ ជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានចូលរួមកិច្ចប្រជុំនេះ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅដោយសារសង្គ្រាម។ អង្គការនេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារប្រជាជនស៊ីវិលដែលរងគ្រោះស្របតាមច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យធានាថា ពលរដ្ឋដែលផ្លាស់ទីលំនៅ និងសហគមន៍រងផលប៉ះពាល់ ត្រូវទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់ជាមូលដ្ឋានប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង។ ទន្ទឹមនឹងនេះ ត្រូវធានាការពារសិទ្ធិរបស់ពួកគេ លុបបំបាត់រាល់ឧបសគ្គ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងយូរអង្វែង។
 
យោងតាមរបាយការណ៍ផ្លូវការ បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ។ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការធានាឱ្យពលរដ្ឋទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
ក្នុងកិច្ចប្រជុំដដែលនេះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខគត់ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពជាក់ស្តែងលើដីនោះឡើយ។
 
ជាមួយគ្នានេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានកត់សម្គាល់ឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ដោយបានអំពាវនាវឱ្យអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាបទឈប់បាញ់ និងការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងបោះបង្គោលព្រំដែនតាមយន្តការ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ អង្គការនេះក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពបទឈប់បាញ់ ជៀសវាងរាល់សកម្មភាពដែលបង្កឱ្យមានភាពតានតឹងឡើងវិញ ព្រមទាំងលើកទឹកចិត្តឱ្យភាគីកម្ពុជា និងថៃ បន្តកិច្ចសន្ទនាដើម្បីដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា