សភាពាណិជ្ជកម្មកម្ពុជាចង់ឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាពាណិជ្ជកម្មកម្ពុជាចង់ឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង

សភាពាណិជ្ជកម្មកម្ពុជាចង់ឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកទឹកចិត្ត ឱ្យសហគមន៍ធុរកិច្ចកម្ពុជា-បារំាង រួមគ្នាស្នើទៅកាន់រដ្ឋាភិបាល ដើម្បីបង្កើតឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដូច្នេះ នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអ្នកឧកញ៉ា បានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលបានឈានចូលដល់ដំណាក់កាលអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា បានជម្រាបជូនធុរជនបារាំងអំពីសូចនាករសំខាន់ៗ ដែលវិនិយោគិនគួរពិចារណាបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាព ពិសេសវិស័យទេសចរណ៍ និងកសិកម្ម។ ប្រធានសភាពាណិជ្ជកម្មកម្ពុជា រូបនេះបានលើកយកកត្តាសំខាន់ៗ មួយចំនួនដែលវិនិយោគិនបារាំងគួរពិចារណាបោះទុនវិនិយោគនៅកម្ពុជា រួមមាន៖ ភាពធន់នៃការនាំចេញ ដែលកម្ពុជា អាចរក្សាបាននូវកំណើនការនាំចេញយ៉ាងរឹងមាំក្នុងអត្រា ២០ភាគរយ បើទោះបីជាមានការរំខានដល់ពាណិជ្ជកម្មសកល ក៏ដោយ។

កម្ពុជា មានថ្លៃដើមកម្លាំងពលកម្ម នៅតែមានកម្រិតទាប និងអំណោយផលជាងប្រទេសជិតខាងក្នុងតំបន់។ លើសពីនេះ កម្ពុជា ក៏មានហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ប្រព័ន្ធទូទាត់បាគង (Bakong) បានដំណើរការទំហំប្រតិបត្តិការសរុបស្មើនឹង ៤,៥ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ផងដែរ។ ដោយឡែក ប្រសិទ្ធភាពសារពើពន្ធវិញ មានការកើនឡើងរហូតដល់ ៦ដង ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ដោយពុំចាំបាច់បង្កើតពន្ធថ្មីឡើយ។ នេះបើតាមអ្នកឧកញ៉ា គិត ម៉េង។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងផ្គូផ្គងសហគ្រាសបារាំងដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយនឹងដៃគូក្នុងស្រុក លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំង សម្រេចបាន ៥៦០លានដុល្លារ កើនឡើង ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ ទំហំទឹកប្រាក់ដែលកម្ពុជា បាននាំចេញទៅកាន់ប្រទេសបារាំង មានចំនួន ៤៣១លានដុល្លារ។ ចំណែក ទំហំទឹកប្រាក់ដែលកម្ពុជា បាននាំចូលពីប្រទេសបារាំងវិញមានចំនួនជិត ១៣០លានដុល្លារ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា