អាមេរិកផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេងដល់កម្ពុជា ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេងដល់កម្ពុជា ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេង

អាមេរិកផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេងដល់កម្ពុជា ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេង

រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេងដល់កម្ពុជា ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេង។ ទោះបីនៅមានបញ្ហាប្រឈមដែលត្រូវបន្តយកចិត្តទុកដាក់ កម្ពុជាបានដាក់គោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។

ឯកឧត្តម Christopher J. Anderson ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បាននាំយកឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនក្រសួងសុខាភិបាលកម្ពុជា ដើម្បីជួយគាំទ្រដល់ការបង្ការ និងឈានទៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០ ។

ពិធីប្រគល់-ទទួលអំណោយនេះ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

ឯកឧត្តម Christopher J. Anderson មានប្រសាសន៍ថា ជំនួយនេះនឹងរួមចំណែកពង្រឹងបណ្តាញធ្វើរោគវិនិច្ឆ័យជំងឺរបេង បង្កើនសមត្ថភាពស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ជាពិសេសជួយតាមដានជំងឺរបេងដែលធន់នឹងឱសថ ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលទាន់ពេលវេលា។

លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យា Digital X-ray និង AI ក៏នឹងជួយពង្រីកការពិនិត្យស្វែងរកជំងឺរបេងនៅតាមសហគមន៍ផងដែរ។ អំណោយនេះ រួមមាន ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital X-ray) ចំនួន ៩គ្រឿង ម៉ាស៊ីន GeneXpert ចំនួន ៨គ្រឿង មីក្រូទស្សន៍ចំនួន ៥០គ្រឿង ការធានា និងសេវាគាំទ្រសម្រាប់ម៉ាស៊ីន GeneXpert ចំនួន ៧០គ្រឿង ព្រមទាំងកម្មវិធីបច្ចេកវិទ្យាជំនួយអាន និងបកស្រាយរូបភាពកាំរស្មីអ៊ិចដោយប្រព័ន្ធកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាលបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកជំងឺរបេងក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ឈាង រ៉ា បានគូសបញ្ជាក់ថា ការបញ្ចប់ជំងឺរបេងមិនអាចពឹងផ្អែកតែលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ។ វាទាមទារឱ្យមានភាពជាអ្នកដឹកនាំរឹងមាំ ការវិនិយោគជាបន្តបន្ទាប់ ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាថា អ្នកជំងឺរបេងគ្រប់រូបត្រូវបានរកឃើញ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងទទួលបានការគាំទ្រយ៉ាងសមស្រប ទាន់ពេលវេលា ប្រកបដោយសមធម៌។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុក ពិធីប្រគល់-ទទួលនេះ គឺជាការបង្ហាញពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល សង្គ្រោះជីវិតប្រជាជន និងឈានទៅលុបបំបាត់ជំងឺរបេងនៅកម្ពុជា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា