តើអាស៊ានចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ បានក្នុងកម្រិតណារយៈពេលជិត១ឆ្នាំមកនេះ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើអាស៊ានចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ បានក្នុងកម្រិតណារយៈពេលជិត១ឆ្នាំមកនេះ?

តើអាស៊ានចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ បានក្នុងកម្រិតណារយៈពេលជិត១ឆ្នាំមកនេះ?

អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាយល់ឃើញផ្សេងៗគ្នា ចំពោះ​តួនាទីអាស៊ានក្នុងការស្វែងរក​ដំណោះស្រាយជម្លោះ​ព្រំដែនកម្ពុជា និងថៃ រយៈពេលជិត១ឆ្នាំមកនេះ ក្រោមការសម្របសម្រួលដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦។
 
លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា យល់ឃើញថា អាស៊ានចាប់តាំងពីប្រទេសម៉ាឡេស៊ីធ្វើជាប្រធាននៅឆ្នាំ២០២៥ និងបន្តមកប្រទេសហ្វីលីពីនជាប្រធាននៅឆ្នាំ២០២៦នេះ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលស្វែងរកដំណោះស្រាយអំពីជម្លោះ​ព្រំដែនកម្ពុជា និងថៃ។
 
បើតាមលោកបណ្ឌិត ជ័យ តិច ៖ បន្តមកប្រធានអាស៊ានលោកម៉ាកូសនៅហ្វីលីពីននេះ គឺបានជួយសម្របសម្រួលឲ្យមានកិច្ចប្រជុំពិភាក្សាគ្នា សម្របសម្រួលត្រីភាគី លនិងល ដើម្បីអនុវត្តនូវកិច្ចព្រមព្រៀង ហើយបញ្ចៀសបាននូវការបង្ហូរឈាម ហើយនឹងចរចាដោះស្រាយដោយសន្តិវិធី ព្រមទាំងគាំទ្រនូវការអនុវត្តន៍នៃដំណើរការក្រុម AOT។
 
ប៉ុន្តែ អ្នកជំនាញភូមិសាស្ត្រនយោបាយលោកបណ្ឌិត ញិល រដ្ឋា វិញយល់ឃើញថា អាស៊ានក្រោមការសម្របសម្រួលរបស់ហ្វីលីពីន បានត្រឹមតែជួយរៀបចំកិច្ចប្រជុំទ្វេភាគី និងត្រីភាគីនៅក្រៅឆាកកិច្ចប្រជុំកំពូល ដើម្បីជំរុញឱ្យភាគីទាំងពីររក្សាបទឈប់បាញ់ និងកុំឱ្យជម្លោះរីករាលដាលធ្ងន់​ធ្ងរប៉ុណ្ណោះ។
 
លោកបណ្ឌិត ញិល រដ្ឋា បន្ថែមថាអាស៊ាន «មិនមានអំណាច ឬយន្តការជាក់លាក់» ណាមួយក្នុងការដោះ​ស្រាយបញ្ហាព្រំដែន ឬឱ្យភាគីថៃគោរពសាលក្រមតុលាការអន្តរជាតិ (ICJ) នោះទេ ដោយសារជាប់រាំងស្ទះដោយគោលការណ៍ «កុងសង់ស៊ីស» និង «ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។
 
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះនិយាយថា ការរុញច្រានបញ្ហាចេញពីតុអាស៊ាន ភាគីថៃតែងតែព្យាយាមទាត់ចោលការពិភាក្សាពាក់ព័ន្ធនឹងព្រំដែន និងជនភៀសសឹកនៅលើវេទិកាអាស៊ាន ដោយចាត់ទុកថាជា «រឿងទ្វេភាគី» ដែលធ្វើឱ្យតួនាទីរបស់អាស៊ានលើបញ្ហានេះកាន់តែមានកម្រិត និងមិនអាចផ្តល់ដំណោះស្រាយយុត្តិធម៌ស្ថាពរជូនកម្ពុជាបានឡើយ។
 
នៅវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ទោះជាការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បានបញ្ចប់ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនច្បាស់លាស់ ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
 
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើជាថ្មីម្ដងទៀតដល់ភាគីថៃ ឱ្យសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលបានចែងយ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា