លើវេទិកា AIPA កម្ពុជាបន្តលើកឡើងពីការកាន់កាប់ទឹកដីខុសច្បាប់ដោយយោធាថៃ និងអំពាវនាវឱ្យជនភៀសខ្លួនជាង ២ម៉ឺននាក់ បានវិល​ទៅផ្ទះវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លើវេទិកា AIPA កម្ពុជាបន្តលើកឡើងពីការកាន់កាប់ទឹកដីខុសច្បាប់ដោយយោធាថៃ និងអំពាវនាវឱ្យជនភៀសខ្លួនជាង ២ម៉ឺននាក់ បានវិល​ទៅផ្ទះវិញ

លើវេទិកា AIPA កម្ពុជាបន្តលើកឡើងពីការកាន់កាប់ទឹកដីខុសច្បាប់ដោយយោធាថៃ និងអំពាវនាវឱ្យជនភៀសខ្លួនជាង ២ម៉ឺននាក់ បានវិល​ទៅផ្ទះវិញ

ភ្នំពេញ៖ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលមានប្រតិភូសមាជិក សភាអាស៊ាន និងប្រទេសសង្កេតការណ៍ប្រមាណ ៣០ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ប្រទេសថៃ ឱ្យគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យសហគមន៍ អន្តរជាតិ ជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីឱ្យជនស៊ីវិលកម្ពុជាជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

ថ្លែងទៅកាន់អង្គមហាសន្និបាត សម្តេចប្រធានរដ្ឋសភា បានលើកបង្ហាញពីស្ថានភាពមនុស្សធម៌ដ៏គួរឱ្យព្រួយបារម្ភ ដោយបច្ចុប្បន្នជន ស៊ីវិលកម្ពុជាជាង ២០.០០០នាក់ នៅតែបន្តរស់នៅភៀសខ្លួនក្នុងជំរំបណ្តោះអាសន្ននៅឡើយ។ សម្តេចបានរំលឹកឡើងវិញនូវការ កត់ សម្គាល់ជាក់ស្តែងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំឡុងពេលចុះពិនិត្យតំបន់រងផលប៉ះពាល់កាលពីខែកក្កដាកន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា «ពលរដ្ឋទាំងនោះ ចាំបាច់ត្រូវតែបានវិលត្រឡប់ទៅផ្ទះវិញ» ហើយការប្តេជ្ញាចិត្តនេះ ត្រូវតែអនុវត្តភ្លាមៗ ដោយគ្មានការពន្យារពេលតទៅទៀតឡើយ។

ទន្ទឹមនឹងបញ្ហាមនុស្សធម៌នេះ សម្តេច ឃួន សុដារី បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលនៅតែបន្តកាន់ កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជានៅតាមតំបន់មួយចំនួន បើទោះបីជាបទឈប់បាញ់កំពុងមានសុពលភាពក៏ដោយ។

ដោយចាត់ទុកទង្វើទាំងនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី សម្តេចបាន ប្រកាស ជំហរយ៉ាងម៉ឺងម៉ាត់ថា៖ «កម្ពុជា បដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើជាឯកតោភាគី ក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែន អន្តរជាតិ ដោយប្រើប្រាស់កម្លាំង និងបង្កើតនូវអង្គហេតុសម្រេចណាមួយ (fait accompli) មុនមានការសម្រេចដោយយន្តការរួម ស្រប ច្បាប់ណាមួយ»។

ដើម្បីបញ្ចប់ភាពតានតឹង និងឈានទៅរកដំណោះស្រាយពិតប្រាកដ សម្តេចប្រធានរដ្ឋសភា បានទាមទារឱ្យភាគីថៃបញ្ឈប់ការកាន់កាប់ ដែនអធិបតេយ្យកម្ពុជាជាបន្ទាន់ ហើយងាកមកអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សនូវការវាស់វែង និងខណ្ឌសីមាព្រំដែន ក្រោម​ក្របខ័ណ្ឌនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ដោយឡែកនៅតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសយក ផ្លូវច្បាប់ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលការចូលរួមរបស់ភាគីថៃក្នុង​នីតិវិធីនេះ ត្រូវបានកម្ពុជាចាត់ទុកថាជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។

នៅចំពោះមុខបរិបទពិភពលោកដែលកំពុងបែងចែកភូមិសាស្ត្រនយោបាយ និងបាត់បង់ទំនុកចិត្តជាយុទ្ធសាស្ត្រ សម្តេច ឃួន សុដារី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភាសមាជិក AIPA ក្នុងការប្រើប្រាស់ «ការទូតបង្ការ» និងយន្តការគ្រប់គ្រងវិបត្តិ​ដោយ​ផ្អែក​លើច្បាប់អន្តរជាតិ។ សម្តេចបានរំលឹកថា ប្រជាជាតិអាស៊ានកំពុងស្ថិតនៅលើទូកតែមួយ ដូច្នេះរាល់កិច្ចខិតខំប្រឹងប្រែងត្រូវតែតម្កល់​សន្តិសុខ សិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាស្នូល ដើម្បីរួមចំណែកជាមួយអាស៊ានសម្រេចឱ្យបាននូវចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ២០៤៥ ប្រកបដោយសន្តិភាព និងវិបុលភាព៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា