ចង់ទស្សនាការប្រណាំងទូក កុំភ្លេចមកខេត្តសៀមរាប និងកំពតនៅសប្តាហ៍ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចង់ទស្សនាការប្រណាំងទូក កុំភ្លេចមកខេត្តសៀមរាប និងកំពតនៅសប្តាហ៍ក្រោយ

ចង់ទស្សនាការប្រណាំងទូក កុំភ្លេចមកខេត្តសៀមរាប និងកំពតនៅសប្តាហ៍ក្រោយ

ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ ខេត្តសៀមរាប និងខេត្តកំពត ដែលជា​តំបន់ទេសចរណ៍មានសក្តានុពុល នឹងរៀបចំកម្មវិធីកម្សាន្ត​សម្រាប់អបអរពិធី​បុណ្យជាតិដ៏ធំមួយនេះ។
 
នៅខេត្តសៀមរាប កម្មវិធីកម្សាន្តនឹងត្រូវរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។  ក្នុងនោះ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា​ នឹងរៀបចំការប្រណាំងទូក «ង» ទូក «នាគ» និង «ទូកផ្កាចារ» តាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូណ៌ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា។ ក្រៅពីនេះ ក៏មានកម្មវិធីតាំងពិព័រណ៍ផលិតផល ម្ហូបអាហារ ការប្រគំតន្ត្រី និងកម្មវិធីអកអំបុកសំពះព្រះខែ ព្រមទាំងពិធីបាញ់កាំជ្រួចផងដែរ។
 
រីឯនៅខេត្តកំពតវិញ ក៏នឹងរៀបចំពិធីប្រណាំងទូក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយ ចន្លោះស្ពានថ្មថ្មី និងស្ពានឥន្ធនូ អមជាមួយនឹងការប្រគុំតន្រ្តី និងការតាំងពិព័រណ៍ផលិតផល។
 
ដោយឡែក នៅរាជធានីភ្នំពេញ ទោះបីជាមិនមានការប្រារព្ធពិធីប្រណាំងទូកក៏ដោយ ក៏មានការបើកផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមទាំងមានការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌​ជាតិជាច្រើនទម្រង់ កម្មវិធីកម្សាន្តសប្បាយផ្សេងៗ រួមទាំងការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក​ និងលក់ម្ហូបអាហារជាច្រើន។​
 
ក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២៥កន្លងទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ២លាន៣សែននាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា