រុស្ស៊ី ព្រមានថា ណាតូ ត្រៀមបង្កើតប្លុកយោធាថ្មីនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំង ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានថា ណាតូ ត្រៀមបង្កើតប្លុកយោធាថ្មីនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំង ចិន

រុស្ស៊ី ព្រមានថា ណាតូ ត្រៀមបង្កើតប្លុកយោធាថ្មីនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំង ចិន

មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីព្រមានថា អង្គការណាតូកំពុងពង្រីកវត្តមានយោធាយ៉ាងសកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតប្លុកយោធាថ្មីមួយ ដើម្បីប្រឆាំង និងទប់ស្កាត់ការពង្រីកឥទ្ធិពលអំណាចយោធាចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី ។

ថ្លែងក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះថា កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនហួសពីតំបន់ប្រតិបត្តិការប្រពៃណី និងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។

លោក Lavrov និយាយថា សមាជិកណាតូកំពុងរំកិលខ្លួនចូលមកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកយ៉ាងសកម្ម ហើយចេតនារបស់ពួកគេ នោះគឺការប៉ុនប៉ងទប់ស្កាត់ការពង្រីកឥទ្ធិពលយោធារបស់ប្រទេសចិន ។

អ្នកការទូតចាស់វស្សារូបនេះ អះអាងថា អ្នករៀបចំគោលនយោបាយនៅលោកខាងលិច កំពុងជំរុញគំនិតបង្កើតប្លុកយោធាថ្មី ដែលយកគំរូតាមណាតូ ដោយដាក់ឈ្មោះថា អង្គការសន្ធិសញ្ញាឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ជាមួយគ្នានេះ លោក Lavrov ក៏ព្រមានដែរថា នៅកន្លែងណាដែលណាតូបង្ហាញវត្តមាន គឺគ្មានអ្វីល្អកើតឡើងនៅទីនោះឡើយ ដោយលោកបានលើកយកឧទាហរណ៍ពាក់ព័ន្ធនឹងយុទ្ធនាការទម្លាក់គ្រាប់បែកនៅប្រទេសយូហ្គោស្លាវី និងលីប៊ី ព្រមទាំងការឈ្លានពានអ៊ីរ៉ាក់ដែលដឹកនាំដោយអាមេរិក ។

បើតាម RT, ការព្រមាននេះធ្វើឡើង ស្របពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការណាតូបានបង្កើនទំនាក់ទំនងជាមួយជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក្រោមហេតុផល ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមរួមគ្នាផ្នែកសន្តិសុខ ។

ជាការឆ្លើយតប ប្រទេសចិនបានសម្តែងការប្រឆាំងចំពោះមហិច្ឆតារបស់អង្គការណាតូ ក្នុងការពង្រីកឥទ្ធិពលនៅអាស៊ី ដោយព្រមានថា ប្លុកយោធាលោកខាងលិចមួយនេះ កំពុងព្យាយាមបង្កើនភាពតានតឹង ក៏ដូចជាបង្កើតការប្រឈមមុខដាក់គ្នាក្នុងតំបន់ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា