យេម៉ែន ដាក់ក្រុមឧទ្ទាមហ៊ូធី ជា “អង្គការភេរវកម្ម” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យេម៉ែន ដាក់ក្រុមឧទ្ទាមហ៊ូធី ជា “អង្គការភេរវកម្ម”
នយោបាយ• 19/11/2026

យេម៉ែន ដាក់ក្រុមឧទ្ទាមហ៊ូធី ជា “អង្គការភេរវកម្ម”

សាណាអា ៖ សភាយេម៉ែន កាលពីថ្ងៃពុធ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់មួយ ដែលកំណត់ក្រុមប្រដាប់អាវុធហ៊ូធី ឬហៅកាត់ថា អាន់សារ អាល់ឡា ជា «អង្គការភេរវកម្ម» ហើយថែមទាំងដាក់បញ្ញត្តិព្រហ្មទណ្ឌរឹតត្បិតលើសកម្មភាព និងការផ្តល់ហិរញ្ញប្បទានដល់ក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ ។

ពាក់ព័ន្ធនឹងការអនុម័តបែបនេះ សភាយេម៉ែនបានប្រាប់មូលហេតុថា គឺដោយសារតែក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារលើតំបន់ជាច្រើន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយេម៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបានច្រានចោលកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ។

ការសម្រេចចិត្តនេះដែរ កើតឡើងចំពេលដែលកងកម្លាំងយេម៉ែនកំពុងបន្តប្រតិបត្តិការយោធា ដែលមានឈ្មោះថា «ព្រឹកព្រលឹមយេម៉ែន» ឬ Dawn of Yemen ចាប់តាំងពីថ្ងៃទី៥ ខែតុលា ដើម្បីដណ្តើមយកការគ្រប់គ្រងស្ថាប័នរដ្ឋ និងរដ្ឋធានីសាណាអាមកវិញពីក្រុមឧទ្ទាមហ៊ូធី ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ការប្រយុទ្ធគ្នារវាងកងកម្លាំងយេម៉ែន និងក្រុមហ៊ូធីបានផ្ទុះឡើងវិញកាលពីខែកក្កដាកន្លងទៅ បណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងរងរបួស ព្រមទាំងធ្វើឱ្យប្រជាជនជាង ២៥០.០០០ នាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ។

បើតាម Anadolu, ការប៉ះទង្គិចគ្នាជាថ្មីចុងក្រោយនេះ បានបញ្ចប់ស្ថានភាពស្ងប់ស្ងាត់មួយរយៈ ដែលមានតាំងពីខែមេសា ឆ្នាំ២០២២ និងធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ ។

សូមរម្លឹកថា ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ នៅពេលក្រុមហ៊ូទីដណ្តើមកាន់កាប់រដ្ឋធានីសាណាអា និងខេត្តមួយចំនួន ។ ក្រោយមក នៅខែមីនា ឆ្នាំ២០១៥ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍យោធា ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា