ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 បានរកឃើញជ័យលាភីនវានុវត្តន៍ករឆ្នើមចំនួន ៦ ក្រុមពីសហគមន៍ហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 បានរកឃើញជ័យលាភីនវានុវត្តន៍ករឆ្នើមចំនួន ៦ ក្រុមពីសហគមន៍ហ្វ្រង់កូហ្វូនី

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 បានរកឃើញជ័យលាភីនវានុវត្តន៍ករឆ្នើមចំនួន ៦ ក្រុមពីសហគមន៍ហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី បានរៀបចំពិធីប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលជាសហប្រធានគណៈកម្មការរៀបចំកម្មវិធី FrancoTech 2026។

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ FroncoTech លើកទី២ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយបានប្រមូលផ្តុំសហគ្រាសធុរកិច្ចថ្មី និងសហគ្រិនឌីជីថលប្រកបដោយនវានុវត្តន៍មកពីបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញដំណោះស្រាយឌីជីថលដែលឆ្លើយតបនឹងបញ្ហាប្រឈមជាក់ស្តែង និងទទួលស្គាល់សមិទ្ធផលរបស់នវានុវត្តន៍ករឆ្នើមទាំង៦ក្រុម។
ការប្រកួតប្រជែងនេះទទួលបានពាក្យស្នើសុំចូលរួមសរុបចំនួន ៣៨១ មកពី ២៧ ប្រទេស សម្រាប់ពានរង្វាន់ចំនួន ២ប្រភេទរួមមាន៖ ពានរង្វាន់នវានុវត្តន៍ឌីជីថលឆ្នើម និងពានរង្វាន់សហគ្រិនស្រ្តីបច្ចេកវិទ្យាឆ្នើម។

ជ័យលាភីនៃប្រភេទពានរង្វាន់ទាំងពីរមានដូចខាងក្រោម៖
🏆 ពានរង្វាន់នវានុវត្តន៍ឌីជីថលឆ្នើម
🥇 ចំណាត់ថ្នាក់លេខ១៖ HENDDU – មកពីប្រទេសបារាំង
🥈 ចំណាត់ថ្នាក់លេខ២៖ AIProtein – មកពីប្រទេសអេហ្ស៊ីប
🥉 ចំណាត់ថ្នាក់លេខ៣៖ E-blood Bank Makila – មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

🏆 ពានរង្វាន់សហគ្រិនស្រ្តីបច្ចេកវិទ្យាឆ្នើម
🥇 ចំណាត់ថ្នាក់លេខ១៖ Bionic Soul – មកពីប្រទេសទុយនីស៊ី
🥈 ចំណាត់ថ្នាក់លេខ២៖ Workingna Co., Ltd. – មកពីប្រទេសកម្ពុជា
🥉 ចំណាត់ថ្នាក់លេខ៣៖ The Map Cambodia – មកពីប្រទេសកម្ពុជា

ជ័យលាភីទាំងអស់ទទួលបានមេដាយ ពានរង្វាន់ និងថវិកាគាំទ្រចំនួន ៨,០០០ ដុល្លារអាមេរិក សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានចំនួន ៥,០០០ ដុល្លារអាមេរិក និងសម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបានចំនួន ៣,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្ថែម និងការពង្រីកវិសាលភាពនៃដំណោះស្រាយនវានុវត្តន៍របស់ពួកគេ។

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញនវានុវត្តន៍ឌីជីថល លើកកម្ពស់ធុរកិច្ចថ្មីឌីជីថលជាពិសេសការចូលរួមស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថលទាំងក្នុងប្រទេសនិងក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជាបន្តបង្កើតទំនាក់ទំនង កិច្ចសហការ និងឱកាសថ្មីៗសម្រាប់នវានវត្តន៍ករដើម្បីពង្រីកដំណោះស្រាយ និងពង្រីកទីផ្សាររបស់ខ្លួនក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។

កម្ពុជាមានមោទនភាពដែលធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន២ បានទទួលជ័យលាភីក្នុងពានរង្វាន់សហគ្រិនស្ត្រីបច្ចេកវិទ្យាឆ្នើម នៃកម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍ FroncoTech 2026 ដែលនេះបានបង្ហាញឱ្យឃើញសមត្ថភាពលេចធ្លោរបស់ស្ត្រីកម្ពុជាក្នុងតួនាទីជាដឹកនាំនិងសហគ្រិនឆ្នើមផ្នែកនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល។

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា