កូរ៉េខាងជើង សំងំពង្រីករោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង សំងំពង្រីករោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើង សំងំពង្រីករោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែម សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងកំពុងសំងំពង្រីកការចម្រាញ់សារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ តាមរយៈការសាងសង់ផ្នែកបន្ថែមនៃរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមដើមនៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon ។

យោងតាមការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង, កូរ៉េខាងជើងប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៨០ ទៅ ១២០គ្រាប់ ហើយកំពុងបន្តផលិតសារធាតុសំខាន់ពីរប្រភេទ ដែលអាចប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះមានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ និងផ្លូតូនីញ៉ូម ។

ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ ហៅកាត់ IAEA លោក Rafael Grossi និយាយថា ការសាងសង់ផ្នែកបន្ថែមថ្មីមួយទៀតនៃរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមដើមនៅ Yongbyon បានដំណើរការតាំងពីពាក់កណ្ដាលខែកញ្ញា ហើយផ្នែកខាងក្រៅនៃអគារថ្មីនេះ បានបញ្ចប់រួចរាល់ត្រឹមចុងខែតុលា ឆ្នាំ២០២៦ ។

លោក Grossi បានប្រាប់កិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាភិបាល IAEA ដែលមាន ៣៥ ប្រទេស កាលពីថ្ងៃពុធ ថា ទីភ្នាក់ងារនេះបានតាមដានឃើញប្រតិបត្តិការចម្រាញ់អ៊ុយរ៉ាញ៉ូមកំពុងបន្តនៅទីតាំង Yongbyon និង Kangson ព្រមទាំងការសាងសង់ទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមបន្ថែមមួយទៀតនៅ Yongbyon ។

លោក Grossi បន្ថែមថា ទីភ្នាក់ងារ IAEA បានរកឃើញសញ្ញាបង្ហាញថា រ៉េអាក់ទ័រនុយក្លេអ៊ែរទំហំ ៥ មេហ្គាវ៉ាត់នៅទីតាំង Yongbyon ទំនងជានៅតែបន្តដំណើរការ ហើយកំពុងឈានចូលវដ្តបញ្ចេញវិទ្យុសកម្មលើកទី៧ ។

រ៉េអាក់ទ័រនេះត្រូវបានប្រើប្រាស់សម្រាប់ផលិតភ្លុយតូនីញ៉ូម តាមរយៈដំណើរការកែច្នៃឥន្ធនៈនុយក្លេអ៊ែរដែលបានប្រើប្រាស់រួច ។ បន្ទាប់ពីបញ្ចប់វដ្តដំណើរការ ឥន្ធនៈដែលបានប្រើប្រាស់រួចអាចត្រូវបានដកចេញ ដើម្បីយកទៅកែច្នៃឡើងវិញ និងស្រង់យកភ្លុយតូនីញ៉ូម ។

ក្រៅពីនេះ រ៉េអាក់ទ័រប្រភេទទឹកស្រាលមួយទៀតនៅទីតាំង Yongbyon ក៏បានចាប់ផ្តើមដំណើរការតាំងពីខែមេសា ឆ្នាំ២០២៦ ផងដែរ ។ លោក Grossi បានសង្កត់ធ្ងន់ថា ការបន្តពង្រីកកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម និងភ្លុយតូនីញ៉ូមរបស់កូរ៉េខាងជើង នៅតែជាមូលហេតុនៃក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរ ។

បើតាម Strait Times, ទីភ្នាក់ងារ IAEA មិនមានលទ្ធភាពបញ្ជូនអ្នកជំនាញចូលទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរនៅកូរ៉េខាងជើងបានទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបណ្តេញអធិការកិច្ចរបស់ទីភ្នាក់ងារនេះចេញក្នុងឆ្នាំ២០០៩ ។ ចាប់តាំងពីពេលនោះមក ទីភ្នាក់ងារនេះបានពឹងផ្អែកជាចម្បងលើរូបភាពផ្កាយរណប និងប្រភពព័ត៌មានបើកចំហ ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែរកូរ៉េខាងជើង ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា