មាសដាំក្បាលចុះខ្លាំងនៅត្រឹមជាង ៤ ៥០០ ដុល្លារក្នុងមួយតម្លឹង ខណៈអ្នកជំនាញព្រមានពីការបន្តប្រែប្រួល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាសដាំក្បាលចុះខ្លាំងនៅត្រឹមជាង ៤ ៥០០ ដុល្លារក្នុងមួយតម្លឹង ខណៈអ្នកជំនាញព្រមានពីការបន្តប្រែប្រួល

មាសដាំក្បាលចុះខ្លាំងនៅត្រឹមជាង ៤ ៥០០ ដុល្លារក្នុងមួយតម្លឹង ខណៈអ្នកជំនាញព្រមានពីការបន្តប្រែប្រួល

តម្លៃមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ ខណៈអ្នកជំនាញបានបង្ហាញពីកត្តាជំរុញចម្បងៗ និងការវិភាគលើសេណារីយ៉ូទីផ្សារសម្រាប់និន្នាការតម្លៃមាសក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ទីផ្សារមាសកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយតម្លៃមាសបានធ្លាក់ចុះមកនៅត្រឹមជាង ៤ ៥២០ ដុល្លារក្នុងមួយតម្លឹង គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាប់បានហក់ឡើងខ្ពស់បំផុតដល់ ៦៧៥៤ ដុល្លារក្នុងមួយតម្លឹង កាលពីខែមករាដើមឆ្នាំនេះ។ ការធ្លាក់ចុះជាបន្តបន្ទាប់គ្នានេះ កំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ ខណៈអ្នកជំនាញបានវិភាគពីកត្តាជំរុញ និងទិសដៅអនាគតនៃទីផ្សារដ៏មានសក្តានុពលមួយនេះ។

បើតាមការលើកឡើងរបស់លោក អឿន សុខន ហៅ Master Ken អ្នកជំនាញទីផ្សារមាសអន្តរជាតិ បានគូសបញ្ជាក់ថា កត្តាចម្បងធំៗដែលកំពុងជំរុញឱ្យទីផ្សារមាសមានការប្រែប្រួលខ្លាំងបែបនេះ រួមមានការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្តាលអាមេរិក ការប្រែប្រួលនៃតម្លៃប្រាក់ដុល្លារ និងទិន្នផលរតនាគារសហរដ្ឋអាមេរិក ការសម្រុកលក់មាសចេញពីសំណាក់អ្នកវិនិយោគដើម្បីយកប្រាក់ចំណេញ និងការកើនឡើងនូវក្តីបារម្ភអំពីអតិផរណាដែលបណ្តាលមកពីវិបត្តិសង្គ្រាមនៅមជ្ឈឹមបូព៌ា។

ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះតម្លៃមាសក្នុងកម្រិតនេះ អាចគ្រាន់តែជាការកែតម្រូវទីផ្សាររយៈពេលខ្លីប៉ុណ្ណោះ ព្រោះថា ការព្រួយបារម្ភលើកត្តាភូមិសាស្ត្រនយោបាយ សង្គ្រាម និងបញ្ហាវិបត្តិសេដ្ឋកិច្ចសកលនៅតែបន្តប្រឈមកើតមាននៅឡើយ។ អ្នកជំនាញរូបនេះមើលឃើញថា ការធ្លាក់ចុះតម្លៃមាសនាពេលនេះ អាចជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ស្របពេលដែលអ្នកទិញមាសកាលពីពេលតម្លៃនៅខ្ពស់អាចមានភាពភ័យខ្លាច និងប្រឈមការខាតបង់ប្រសិនបើត្រូវការលក់ចេញបន្ទាន់ក្នុងពេលនេះ ប៉ុន្តែវាគឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានផែនការទិញសន្សំទុកក្នុងរយៈពេលវែង ដើម្បីទទួលបានប្រាក់ចំណេញ។

សម្រាប់និន្នាការទីផ្សារមាសក្នុងរយៈពេលប៉ុន្មានខែខាងមុខ អាចនឹងបន្តប្រឈមមុខនឹងភាពប្រែប្រួលខ្លាំង ដោយបច្ចុប្បន្នទីផ្សារកំពុងផ្តោតអារម្មណ៍លើការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅខែធ្នូខាងមុខ ដែលនឹងត្រូវបែងចែកតាមសេណារីយ៉ូសំខាន់ៗពីរ។

ក្នុងសេណារីយ៉ូទីមួយ ប្រសិនបើធនាគារកណ្តាលអាមេរិកពិតជាបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀតមែន នោះនឹងធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ និងទិន្នផលប័ណ្ណបំណុលរក្សាបានកម្រិតខ្ពស់ ដែលអាចទាញតម្លៃមាសឱ្យប្រឈមមុខនឹងការធ្លាក់ចុះបន្ថែមទៀត។ ដោយឡែក សម្រាប់សេណារីយ៉ូទីពីរ ប្រសិនបើធនាគារកណ្តាលអាមេរិកសម្រេចចិត្តរក្សាទុកអត្រាការប្រាក់របស់ខ្លួននៅស្ងៀម ឬទម្លាក់ចុះវិញ នោះនឹងធ្វើឱ្យប្រាក់ដុល្លារចុះខ្សោយ ដែលធ្វើឱ្យតម្លៃមាសមានភាពទាក់ទាញ និងកើនឡើងវិញ ព្រមទាំងមានការគាំទ្របន្ថែមពីការសម្រុកទិញមាសពីសំណាក់ធនាគារកណ្តាលធំៗផងដែរ។

លោក ឡុង សំណាង ទីប្រឹក្សាហិរញ្ញវត្ថុ និងទីផ្សារមាស បានវាយតម្លៃថា អ្នកវិនិយោគអាចពិចារណាទិញមាសដើម្បីវិនិយោគនៅក្នុងកម្រិតតម្លៃបច្ចុប្បន្ននេះ ឬក៏តម្លៃអាចបន្តធ្លាក់ចុះថែមទៀតទៅដល់ចន្លោះពី ៤០០០ ទៅ ៤២៥០ ដុល្លារក្នុងមួយតម្លឹង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តម្លៃមាសអាចនឹងហក់ឡើងវិញយ៉ាងលឿននៅក្នុងអំឡុងពេលនេះ រហូតដល់ដើមឆ្នាំ ២០២៧៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា