អគារសិក្សាថ្មីតម្លៃជាង ២,២លានដុល្លារ នៅស្រុកសាមគ្គីមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគារសិក្សាថ្មីតម្លៃជាង ២,២លានដុល្លារ នៅស្រុកសាមគ្គីមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

អគារសិក្សាថ្មីតម្លៃជាង ២,២លានដុល្លារ នៅស្រុកសាមគ្គីមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ អគារសិក្សាកម្រិតមធ្យមសិក្សាថ្មីមួយខ្នង តម្លៃជាង ២,២លានដុល្លារអាមេរិក របស់អង្គការតុកកែញញឹមកម្ពុជា ក្នុងស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។សមិទ្ធផលថ្មីនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍរយៈពេលជាង មួយទសវត្សរ៍ ដែលបានប្រែក្លាយផ្ទៃដី ៩ហិកតា ទៅជាមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារជូនពលរដ្ឋក្នុងស្រុក រាប់រយនាក់។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីរបស់អង្គការតុកកែញញឹមកម្ពុជា ស្ថិតក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់​ឆ្នាំង បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមបណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនៃអង្គការតុកកែញញឹមកម្ពុជា មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមជម្រាបថា អគារសិក្សាថ្មីនេះ មានរចនាបថរាងមូលប្លែកភ្នែក កម្ពស់ ២ជាន់ មាន ៤៨បន្ទប់ រួមមាន បន្ទប់សិក្សា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ និងបន្ទប់ជំនាញផ្សេងៗ។ សំណង់នេះចំណាយថវិកាសាងសង់ជាង ២,២លានដុល្លារអាម៉េរិក ដែលជាវិភាគទាន​របស់សប្បុរសជន និងដៃគូជាតិ-អន្តរជាតិ ហើយអាចទទួលសិស្សថ្មីចូលរៀនកម្រិតមធ្យមសិក្សាប្រមាណ ៥០នាក់បន្ថែមទៀត ជារៀងរាល់​ឆ្នាំ។សំណង់អគារនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ។

លោក ងន់ សុខលាភ សហស្ថាបនិក និងជានាយកប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា បានឱ្យដឹងថា រយៈពេលជាងមួយទសវត្សរ៍កន្លងមក ដោយចាប់ផ្តើមពីផ្ទៃដីត្រឹម ៩ហិកតា និងផ្ទះកសិកម្ម ១២ខ្នង នៅឆ្នាំ២០១៤ បច្ចុប្បន្នអង្គការតុកកែញញឹមកម្ពុជា បានពង្រីកផ្ទៃដីដល់ ១៥០​ហិកតា និងកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍រួមបញ្ចូលគ្នា។ សព្វថ្ងៃសាលាកំពុងផ្តល់ការអប់រំឥតគិតថ្លៃ អាហារូបត្ថម្ភ ២ពេលក្នុង​មួយ​ថ្ងៃ និងសេវាសុខាភិបាលដល់កុមារ និងយុវជនខ្វះខាតចំនួន ៦០៤នាក់ ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិក្ខាកាម ១៥៥នាក់។ លើសពីនេះអង្គការបានបង្កើតការងារពេញម៉ោងជូនបុគ្គលិកក្នុងស្រុក ៤២៧នាក់ តាមរយៈកសិដ្ឋានគំរូសរីរាង្គ រមណីយដ្ឋាន Farmhouse Resort និងមជ្ឈមណ្ឌលវប្បធម៌គង ដែលជួយបង្កើតប្រាក់​ចំណូល​ទ្រទ្រង់ការអប់រំប្រកបដោយនិរន្តរភាព។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចាត់ទុកសមិទ្ធផលថ្មីដែលសម្រេចបាន ជាការពង្រីកហេដ្ឋារចនា​សម្ព័ន្ធអប់រំរបស់សាលា និងបើកឱកាសកាន់តែទូលំទូលាយ សម្រាប់ការអប់រំដល់កុមារ និងយុវជនក្នុងសហគមន៍នេះ ឱ្យទទួលបាននូវការ​អប់រំប្រកបដោយគុណភាព និងអាចទទួលបានការសិក្សាកាន់តែប្រសើរឡើង។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអប់រំ និងការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ ត្រូវមានការផ្សារភ្ជាប់គ្នា ដើម្បីឱ្យយុវជនអាចយកចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តក្នុងការងារជាក់ស្តែង ឆ្លើយតបទៅនឹង​តម្រូវការទីផ្សារការងារជាក់ស្តែង៕
ដោយ៖ង៉ាន ទិត្យ
រូបភាព៖ក្រុមព័ត៌មាន

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា