កម្ពុជាចំណាយថវិការដ្ឋ ១៥ លានដុល្លារ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចំណាយថវិការដ្ឋ ១៥ លានដុល្លារ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

កម្ពុជាចំណាយថវិការដ្ឋ ១៥ លានដុល្លារ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិចំនួន ១៥ លានដុល្លារ សម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយប្រកាន់ខ្ជាប់នូវការសន្សំសំចៃខ្ពស់ ខណៈកម្មវិធីអមនានាត្រូវបានភាគីពាក់ព័ន្ធ ដៃគូ និងវិស័យឯកជនជាអ្នកទទួលខុសត្រូវចំណាយដោយខ្លួនឯង។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ កន្លែង នៅខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចំណាយសរុបលើដំណើរការទាំងមូលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី អាចច្រើនជាង ១៥ លានដុល្លារអាមេរិក ប៉ុន្តែថវិកាដែលចេញពីរដ្ឋាភិបាលពិតប្រាកដគឺត្រឹមតែ ១៥ លានដុល្លារប៉ុណ្ណោះ។

ដោយឡែក កម្មវិធីអមផ្សេងទៀត រួមមាន ភូមិហ្វ្រង់កូហ្វូនី កិច្ចប្រជុំធុរកិច្ច កិច្ចប្រជុំបង្ហាញបច្ចេកវិទ្យាហ្វ្រង់កូតិច និងកិច្ចប្រជុំវិទ្យាសាស្ត្រហិរញ្ញវត្ថុ ដែលមានធុរកិច្ចរាប់ពាន់នាក់ និងក្រុមហ៊ុនរាប់រយមកចូលរួមនៅរាជធានីភ្នំពេញ គឺក្រុមហ៊ុន និងដៃគូពាក់ព័ន្ធជាអ្នកចំណាយទាំងអស់ មិនមែនជាបន្ទុករបស់រដ្ឋាភិបាលនោះទេ។ ទន្ទឹមនេះ ប្រមុខរដ្ឋមួយចំនួន ដូចជាប្រទេសរវ៉ាន់ដា ក៏បានចេញការចំណាយដោយខ្លួនឯងផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានគ្រប់គ្រងការចំណាយដោយសន្សំសំចៃបំផុត មិនខ្ជះខ្ជាយ រៀបចំដោយត្បិតត្បៀត ប៉ុន្តែចំគោលដៅ ប្រកបដោយភាពប្រសើរ និងថ្លៃថ្នូរ ដោយលើកតម្កើងសិល្បៈ វប្បធម៌ និងសម្ភារខ្មែរសុទ្ធសាធ។

សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា ថវិកា ១៥ លានដុល្លារនេះនឹងក្លាយជាចំនួនច្រើន ប្រសិនបើចាយវាយខុសគោលដៅ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីពង្រឹងមុខមាត់ និងសក្តានុពលរបស់កម្ពុជា។ សម្តេចបានប្រៀបធៀបទៅនឹងកាលផ្ទុះជម្លោះប្រដាប់អាវុធជាមួយថៃ ដែលការចំណាយក្នុងមួយថ្ងៃអស់ច្រើនជាងនេះឆ្ងាយណាស់ គិតទាំងគ្រាប់រំសេវ និងចំណាយផ្សេងៗ ដោយមិនទាន់គិតពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធផង។ ដូច្នេះ កម្ពុជាជ្រើសរើសយកការមិនធ្វើសង្គ្រាម ដើម្បីរក្សាថវិកាមកពង្រឹងប្រទេសជាតិវិញ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា ប្រសិនបើកម្ពុជាមិនទទួលរៀបចំកិច្ចប្រជុំកំពូលនេះទេ ប្រទេសផ្សេងៗនឹងចាប់យកឱកាស ដូចជាប្រទេសកាណាដាដែលបានត្រៀមចំណាយរាប់រយលានដុល្លារលើកម្មវិធីនេះ។ ទោះបីជាកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមក៏ដោយ ក៏កម្ពុជាត្រូវតែរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អបំផុត ដែលក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះ បានជួយលើកមុខមាត់កម្ពុជា លុបបំបាត់ការយល់ច្រឡំ ឬការវាយតម្លៃអវិជ្ជមានពីខាងក្រៅ និងបង្ហាញពីសុខសន្តិភាពពិតប្រាកដ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបរទេស រួមទាំងប្រធានាធិបតីបារាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ប្រមុខដឹកនាំរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេងពីការបង្ហាញសក្តានុពលផ្ទាល់ដល់ភ្ញៀវចូលរួម ខណៈប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនីមួយចំនួនមិនធ្លាប់ស្គាល់កម្ពុជា ឬស្គាល់តែតាមរយៈរបបខ្មែរក្រហម។ ក្នុងនាមជាប្រទេសតូចមួយ ដែលអាចកោះហៅប្រទេសជាច្រើនមានប្រជាជនសរុបជាង ១​ ៥០០ លាននាក់លើពិភពលោកមកចូលរួម គឺជាមោទនភាពដ៏ធំធេង ដោយថ្នាក់ដឹកនាំ និងគណៈប្រតិភូបរទេសទាំងនោះ បានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ បច្ចេកវិទ្យា និងយានយន្តទំនើបៗលើសពីការរំពឹងទុក ព្រមទាំងបានបង្ហាញបំណងនាំក្រុមគ្រួសារត្រឡប់មកកម្សាន្តនៅកម្ពុជាសាជាថ្មីទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ ៨១ រូប ក្នុងចំណោមជាង ៩០ ប្រទេស បានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ ដោយឡែក ព្រឹត្តិការណ៍អម ភូមិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាសរុបប្រមាណ ៦៦ម៉ឺននាក់ ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលលើសពីការរំពឹងទុក៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា