លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជួបសន្ទនាជាមួយលោក ពូទីន ក្រៅកិច្ចប្រជុំកំពូល APEC | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជួបសន្ទនាជាមួយលោក ពូទីន ក្រៅកិច្ចប្រជុំកំពូល APEC

លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi ជួបសន្ទនាជាមួយលោក ពូទីន ក្រៅកិច្ចប្រជុំកំពូល APEC

សិនជិន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន។ នេះបើតាមការបញ្ជាករបស់មន្ត្រីក្រសួងការបរទេសជប៉ុន។

នេះគឺជាការសន្ទនាផ្ទាល់មុខគ្នាលើកដំបូង រវាងលោកស្រី Takaichi និងលោក ពូទីន ចាប់តាំងពីលោកស្រីបានចូលកាន់តំណែងកាលពីឆ្នាំមុន ខណៈដែលទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ កំពុងតែមានភាពតានតឹង។

មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «មានការសន្ទនាមួយបានកើតឡើងក្នុងអំឡុងពេលពិធីលៀងអាហារពេលល្ងាច» រវាងលោកស្រី និងលោក ពូទីន កាលពីយប់ថ្ងៃពុធ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងស្ថានីយទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ «បានលើកឡើងពីជំហររបស់ជប៉ុន» លើបញ្ហាមួយចំនួន រួមទាំងករណីឃុំខ្លួនអ្នកសារព័ត៌មានជប៉ុនម្នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទចារកម្ម និងករណីរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Japan Tobacco នាពេលថ្មីៗនេះ។

របាយការណ៍នានាបានឱ្យដឹងថា មេដឹកនាំទាំងពីរបាន «ផ្លាស់ប្តូរមតិយោបល់» គ្នាប្រហែល ៣០ នាទី ហើយបានព្រមព្រៀងគ្នាបន្តរក្សាទំនាក់ទំនងនៅកម្រិតផ្សេងៗ។

ការសន្ទនានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីជប៉ុនបានដាក់លិខិតតវ៉ាទៅកាន់ទីក្រុងមូស្គូ ជុំវិញករណីយន្តហោះដែលសង្ស័យជារបស់រុស្ស៊ីបានហោះចូលក្នុងដែនអាកាសរបស់ជប៉ុន ដែលជំរុញឱ្យទីក្រុងតូក្យូត្រូវបញ្ជូនយន្តហោះចម្បាំងឡើងស្ទាក់ចាប់។

រុស្ស៊ី និងជប៉ុន ក៏មានជម្លោះអូសបន្លាយរាប់ទសវត្សរ៍មកហើយ ពាក់ព័ន្ធនឹងស្ថានភាពនៃកោះមួយចំនួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

កាលពីខែសីហា ជប៉ុនបានធ្វើការតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កោះគូរីល (Kuril Islands) នៅតំបន់ចុងបូព៌ា ដែលជាទឹកដីមានជម្លោះ (ដែលជប៉ុនហៅថា «ដែនដីភាគខាងជើង») ហើយត្រូវបានសហភាពសូវៀតដណ្តើមកាន់កាប់ កាលពីឆ្នាំ ១៩៤៥៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា