កម្ពុជាថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិកដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិកដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ

កម្ពុជាថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិកដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង និងសហប្រតិបត្តិការជាតិ ជួបពិភាក្សាការងារជាមួយឯកឧត្តម Christopher Anderson ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Christopher Anderson មកកាន់កម្ពុជា និងអបអរសាទរចំពោះការតែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដោយឯកឧត្តមបានលើកឡើងថា ជំនួបរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីម្សិលមិញ និងការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ។ ជំនួបទាំងពីរបានឆ្លុះបញ្ចាំងពីការពេញចិត្តរបស់ប្រទេសទាំងពីរចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងបន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ព្រោះកម្ពុជាគឺជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ហើយជាការរីករាយសម្តេចធិបតីអាចជជែកពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក និងក៏ជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក រូប៊ីអូ (Rubio) ផងដែរ និងបានពិភាក្សាគ្នាយ៉ាងល្អអំពីទំនាក់ទំនងទ្វេភាគី ហើយជាពិសេសអំពីបញ្ហាព្រំដែនជាមួយថៃ។ លើបញ្ហានេះ កម្ពុជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះតួនាទី ការចូលរួម និងការសម្របសម្រួលរបស់ប្រធានាធិបតីអាម៉េរិកដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃ។ ហើយជាពិសេសការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ឯកឧត្តមលើបញ្ហានេះ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញពីការសប្បាយចិត្តនិងមានកិត្តិយសដែលអាចជួបជាមួយរដ្ឋមន្ត្រីការបរទេស រូប៊ីអូ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានកាលពីខែកក្កដាកន្លងទៅនៅទីក្រុងម៉ានីល។ ហើយក៏អាចជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស ឡង់ដូ (Landau) នៅទីក្រុងញូវយ៉ក នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ។ ដោយជំនួបទាំងពីរបានបញ្ជាក់ឡើងវិញនូវនិន្នាការវិជ្ជមាន សន្ទុះវិជ្ជមាន និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឯកឧត្តមបញ្ជាក់ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យជាច្រើន។

ការឆ្លើយតប ឯកអគ្គរដ្ឋទូតអាមេរិកបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ដោយចាត់ទុកថា វាមិនត្រឹមតែឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងការងារដែលក្រុមការងារនៃប្រទេសទាំងពីរបានសម្រេចរួមគ្នាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងអាមេរិក និងកម្ពុជានាពេលបច្ចុប្បន្ន។ ឯកអគ្គរដ្ឋទូតបានប្តេជ្ញាធ្វើការជាមួយភាគីកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អាមេរិក ទៅកាន់កម្រិតថ្មីមួយទៀត ព្រមទាំងបានសម្តែងការរីករាយដែលសម្តេចធិបតីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក និងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើការបន្តអនុវត្តស្មារតីនៃទីក្រុងគូឡាឡាំពួរ និងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា