កម្ពុជាគ្រោងបើកស្ថានទូតនៅកាណាដាក្នុងអនាគតដ៏ខ្លីខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាគ្រោងបើកស្ថានទូតនៅកាណាដាក្នុងអនាគតដ៏ខ្លីខាងមុខ

កម្ពុជាគ្រោងបើកស្ថានទូតនៅកាណាដាក្នុងអនាគតដ៏ខ្លីខាងមុខ

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាមកកាន់ប្រទេសកម្ពុជាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជាក់សាជាថ្មីពីបំណងក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា ក្នុងអនាគតដ៏ខ្លីខាងមុខ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
 
យោងតាមក្រសួង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលស្តែងចេញតាមរយៈការដំឡើងកម្រិតតំណាងការទូតរបស់កាណាដានៅកម្ពុជាទៅជាស្ថានទូតពេញលេញ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរកាណាដាមកកម្ពុជាជាបន្តបន្ទាប់។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។ ជាពិសេស គឺជួយសម្រួលដល់ការផ្តល់សេវាកុងស៊ុល និងឯកសារផ្សេងៗដល់ពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសនោះ។
 
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ដោយសារកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅកាណាដា ពលរដ្ឋខ្មែរដែលត្រូវការសេវាកុងស៊ុល ត្រូវទាក់ទងទៅស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលទទួលបន្ទុកគ្របដណ្តប់លើប្រទេសកាណាដាផងដែរ។
 
កម្ពុជានិងកាណាដាបានប្តេជ្ញាធ្វើការជាមួយគ្នា ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងវិបុលភាពល្អ ព្រមទាំងបានគូសបញ្ជាក់ពីគុណតម្លៃនៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាទៀងទាត់នៅគ្រប់កម្រិត។ ក្នុងន័យនេះ កាលពីថ្ងៃទី១៦វិច្ឆិកា ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ២ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ហិរញ្ញវត្ថុ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា