កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានជាលើកដំបូងនៅឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានជាលើកដំបូងនៅឆ្នាំ២០២៧

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានជាលើកដំបូងនៅឆ្នាំ២០២៧

 
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) នៅឆ្នាំ២០២៧ ជាលើកដំបូង ដោយបន្តវេនពីប្រទេសម៉ាឡេស៊ីដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២៦នេះ។​​
 
ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះត្រូវបានបញ្ជាក់ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៧ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
កិច្ចប្រជុំនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ការជំរុញការត្រៀមលក្ខណៈរួមរបស់កងទ័ពជើងគោកអាស៊ាន ដើម្បីតំបន់មួយប្រកបដោយស្ថិរភាព និងសន្តិសុខ»។
 
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងពីទស្សនៈរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន តាមរយៈការកសាងទំនុកចិត្ត ការសន្ទនាដោយបើកចំហ និងការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ស្របតាមច្បាប់អន្តរជាតិ។
 
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានអនុម័តសេចក្តីថ្លែងការណ៍រួម ដោយកំណត់ទិសដៅសំខាន់ៗចំនួន៥ ក្នុងការពង្រឹងការត្រៀមលក្ខណៈរួម ការចែករំលែកព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍកងទ័ពឱ្យមានភាពរឹងមាំ និងចីរភាព។
 
ក្រៅពីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីមកពីប្រទេសអាស៊ានមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ប្តូរទស្សនកិច្ច។
 
សូមជម្រាបថា កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន និងកិច្ចប្រជុំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាន និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា