សម្ដេចធិបតី អរគុណប្រធានាធិបតីអាម៉េរិក ចំពោះការបន្តជួយជំរុញការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី អរគុណប្រធានាធិបតីអាម៉េរិក ចំពោះការបន្តជួយជំរុញការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

សម្ដេចធិបតី អរគុណប្រធានាធិបតីអាម៉េរិក ចំពោះការបន្តជួយជំរុញការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ

កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហាញនូវការដឹងគុណចំពោះតួនាទីរបស់ប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ត្រាំ ដែលបានជួយជ្រោមជ្រែងឱ្យសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួ និងការប្រកាសបន្តជួយជំរុញការអនុវត្តបទ​ឈប់បាញ់កម្ពុជា-ថៃ ឱ្យបានពេញលេញ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត នៅមន្ទីរពេទ្យបង្អែក​ស្រុក​ចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ថា ក្នុងឱកាសពិធីជប់លៀងរយៈពេលជាង១ម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាម៉េរិក នៅប្រទេសហ្វីលីពីន សម្តេចបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការជួយជំរុញឱ្យមាន សេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួ ។នៅក្នុងបេះដូង របស់ប្រជាពលរដ្ឋខ្មែរ គាត់ (លោក ដូណាល់ ត្រាំ) គឺជាអ្នកដែលបានជួយ​ស្វែងរកសន្តិភាព ។

សម្ដេចធិបតីបានបន្ថែមថា នៅពេលសម្ដេចអញ្ជើញទៅប្រទេសមួយចំនួននៅអឺរ៉ុប មានគេសួរថា ហេតុអ្វីបានជាកម្ពុជា ធ្វើលិខិតទៅកាន់​គណៈកម្មាធិការ ពានរង្វាន់ណូបែលសន្តិភាពពិភពលោក ដើម្បីស្នើសុំពានរង្វាន់សន្តិភាពពិភពលោក ជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ? ។ សម្ដេចបានឆ្លើយតបថា រឿងនៅអឺរ៉ុបយល់យ៉ាងណា ខ្ញុំមិនដឹងនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ចាប់តាំងពីម៉ោងផ្ទុះអាវុធមក គឺខ្ញុំបាន​ទទួល​របាយការណ៍ជាប្រចាំអំពីប្រជាជនស្លាប់ ប្រជាជនរងរបួស និងកងទ័ពព្រាត់ប្រាសបែកបាក់គ្នា ដែលទាំងអស់នោះ សុទ្ធសឹងតែជា​ឈាមរបស់ប្រជាជនខ្ញុំ ។សម្ដេចធិបតីសង្កត់ធ្ងន់ថា នៅពេលដែលការជួយឱ្យមានបទឈប់បាញ់នេះកើតឡើង វាមានន័យថា ជាការបញ្ឈប់ការបង្ហូរឈាម ។

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, នៅក្នុងជំនួបនោះ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសាកសួរអំពី​ស្ថានភាពនៅ​តាមព្រំដែនផងដែរ ។សម្ដេចបានពន្យល់ឯកឧត្តម ដូណាល់ ត្រាំ ឱ្យបានយល់ច្បាស់ ។ ជាការឆ្លើយតបឯកឧត្តមប្រធានា​ធិបតី​ ក៏បានជំរុញ និងបញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងបន្តតាមដាន និងជួយជំរុញធ្វើយ៉ាងណា ឱ្យប្រទេសទាំងពីរ ដោះស្រាយបញ្ហា​ដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុង ។

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលហេតុដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជួយជ្រោមជ្រែង គឺដោយសារលោកមានទឹកចិត្តមិនចង់ឃើញការស្លាប់បាត់បង់ជីវិតមនុស្ស។ ជាក់ស្តែងទាំងក្នុងជំនួបកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្នុងកិច្ចសន្ទនាតាមទូរសព្ទមុនពេលមានបទឈប់បាញ់លើកទី១ សម្តេចបានជម្រាបជូនលោក ត្រាំ ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម​ផ្ទៃក្នុងអស់រយៈពេល ៥០០ឆ្នាំមកហើយ និងទើបតែទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនចង់ឃើញការ​ប្រយុទ្ធគ្នាកើតឡើងម្តងទៀតនោះទេ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបាន​អំពាវ​នាវ​ឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ ដោយស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញ​នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។សម្តេចធិបតីបញ្ជាក់ថាកម្ពុជាមានឆន្ទៈច្បាស់លាស់ គឺយើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែល ការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិត​ជិតគ្នាបន្ថែម​ទៀត។ គោលការណ៍​នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការ​ប្រើប្រាស់​កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង នោះឡើយ។ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវ​សន្តិសុខ​ដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា