សម្តេចធិបតី៖ ផ្លូវរលាក់អាចរង់ចាំបាន តែអាយុជីវិតពលរដ្ឋមិនអាចរង់ចាំបានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ផ្លូវរលាក់អាចរង់ចាំបាន តែអាយុជីវិតពលរដ្ឋមិនអាចរង់ចាំបានឡើយ

សម្តេចធិបតី៖ ផ្លូវរលាក់អាចរង់ចាំបាន តែអាយុជីវិតពលរដ្ឋមិនអាចរង់ចាំបានឡើយ

កំពង់ចាម៖​​ ផ្លូវរលាក់យើងអាចបន្តជិះសិនបាន តែបើពាក់ព័ន្ធនឹងសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺមិនអាចរង់ចាំបានឡើយ។ នេះគឺជា​ការ​គូសបញ្ជាក់ដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល​កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​នេះ។ទន្ទឹមនឹងការបំពាក់សម្ភារៈទំនើបមិនចាញ់ទីក្រុង សម្តេចធិបតី ក៏បានដាក់ចេញនូវរូបមន្តថ្មី ក្នុងការជ្រើសរើសគ្រូពេទ្យកុងត្រា ដើម្បីធានាថាឧបករណ៍ទំនើបទាំងនោះ មានអ្នកជំនាញប្រើប្រាស់ពិតប្រាកដ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរ​ពេទ្យ​បង្អែក​ស្រុកចំនួន ៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្តចំពោះសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗនៅមន្ទីរពេទ្យបង្អែកស្រុក ដែលមានគុណភាពមិនចាញ់មន្ទីរពេទ្យនៅទីក្រុង​ឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ផ្លូវរលាក់យើងអាចនៅបន្តជិះសិនបាន ចាំធ្វើពេលក្រោយ តែបើពាក់ព័ន្ធសុខភាព​ប្រជាជន​វិញ បើមានបញ្ហាហើយរដ្ឋ មិនទម្លាក់លុយធ្វើទំនើបកម្មទេ ការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋមិនបានទេ ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចទម្លាក់ថវិកា ដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាល ជាអាទិភាពសម្រាប់ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បានទទួលស្គាល់ដោយត្រង់ថា បច្ចុប្បន្នកម្ពុជាមានសម្ភារៈបរិក្ខារទំនើបហើយ តែនៅខ្វះគ្រូពេទ្យ​ឯកទេស និងបុគ្គលិកជំនាញវះកាត់សំខាន់ៗនៅតាមមូលដ្ឋាន។ សម្តេចសង្កត់ធ្ងន់ថា ការមានឧបករណ៍ទំនើប តែគ្មានមនុស្សចេះប្រើ នឹងធ្វើឱ្យទុកចោល ខាតបង់ថវិកាលើសដើម។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅពង្រឹងធនធានមនុស្សជា ២ដំណាក់កាល ដោយរួមបញ្ចូលទាំងការបង្កើតរូបមន្តថ្មីផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ពីមុនយើងមានតែបុគ្គលិករយៈពេលវែង និងបុគ្គលិកក្របខណ្ឌ ពេលនេះយើងបង្កើតរូបមន្តថ្មីធ្វើការ​សាកល្បងជ្រើសរើសបុគ្គលិកកុងត្រា ឬកិច្ចសន្យា។

បន្ថែមលើការជ្រើសរើសបុគ្គលិកកិច្ចសន្យា សម្តេចធិបតី ក៏បានណែនាំឱ្យផ្តល់អាទិភាពក្របខ័ណ្ឌរដ្ឋ ដល់គ្រូពេទ្យដែលកំពុងបម្រើការងារ​នៅមូលដ្ឋានស្រាប់ ព្រោះការបណ្តុះបណ្តាលនៅថ្នាក់កណ្តាល រួចទើបបញ្ជូនទៅមូលដ្ឋាន គឺត្រូវចំណាយពេលយូរ។ វិធានការទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកនៅតាមបណ្តាស្រុក កាន់តែមានសមត្ថភាពពេញលេញក្នុងការព្យាបាល និងសង្គ្រោះអាយុជីវិតពលរដ្ឋបានទាន់​ពេលវេលា ៕


ដោយ៖​​ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា