ចិន សន្យាបន្តធ្វើជាអ្នកសម្របសម្រួល និងបញ្ចប់បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន សន្យាបន្តធ្វើជាអ្នកសម្របសម្រួល និងបញ្ចប់បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ

ចិន សន្យាបន្តធ្វើជាអ្នកសម្របសម្រួល និងបញ្ចប់បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ

ចិន បន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងថៃ ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា ជាពិសេសច្បាប់អន្តរជាតិ ដោយចិនអះអាងថា ខ្លួននឹងខិតខំប្រឹងប្រែងក្នុងការជួយគាំទ្រកិច្ចចរចានានារវាងប្រទេសទាំងពីរ ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី នាំមកនូវសុខសន្តិភាព និងសុវត្ថិភាពដល់ពលរដ្ឋទាំងសងខាង។

គណៈប្រតិភូសភាប្រជាជនចិន បានលើកឡើងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ឃួន សុដារី ប្រធាន​រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាឱកាសសម្ដេចប្រធានរដ្ឋសភា អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។

សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ពីគោលបំណងនៃជំនួបរវាងកម្ពុជា និងចិន នាពេលនេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅគ្រប់វិស័យ ស្របតាមកុងសង់ស៊ីសដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ដែលបានឈានដល់ «មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរគ្រប់ជំនាន់ ឈរលើមិត្តភាពស្មោះត្រង់ ជឿទុកចិត្ត យោគយល់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបឯកឧត្តមប្រធានគណៈប្រតិភូពីស្ថានភាពពិតនៃការឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក្តី កម្ពុជានៅតែប្រឈមនឹងហានិភ័យពីការរំលោភច្បាប់អន្តរជាតិពីភាគីថៃ។ រហូតមកដល់ពេលនេះ ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ ដោយកម្ពុជាស្នើឱ្យមានការជួយឧបត្ថម្ភផ្នែកមនុស្សធម៌ពីសហគមន៍អន្តរជាតិ និងធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងនោះ បានវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ទន្ទឹមនេះ សម្តេចប្រធានរដ្ឋសភា ក៏បានអំណរគុណដល់ចិន ដែលបានជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេស ចិនបានសម្របសម្រួល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រឱ្យមានកិច្ចព្រមព្រៀងនានាជាមួយប្រទេសថៃ កន្លងមក។

ប្រធានរដ្ឋសភាកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាស្នើភាគីថៃអនុវត្តច្បាប់ ដោយគោរពតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជាស្នើភាគីថៃចូលរួមវាស់វែង និងខណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

រីឯនៅតំបន់សមុទ្រវិញ កម្ពុជា បានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយការដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ គឺជាសញ្ញាដ៏ល្អមួយ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា