ក្រុមហ៊ុន Visa, ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យដំណើរការ Google Pay សម្រាប់ កាតនិម្មិត Visa ដើម្បីពង្រីកវិសាលភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ ប្រកបដោយសុវត្ថិភាពខ្ពស់ និងរលូន នៅក្នុងប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Visa, ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យដំណើរការ Google Pay សម្រាប់ កាតនិម្មិត Visa ដើម្បីពង្រីកវិសាលភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ ប្រកបដោយសុវត្ថិភាពខ្ពស់ និងរលូន នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Visa, ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យដំណើរការ Google Pay សម្រាប់ កាតនិម្មិត Visa ដើម្បីពង្រីកវិសាលភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ ប្រកបដោយសុវត្ថិភាពខ្ពស់ និងរលូន នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈ ប្រព័ន្ធឌីជីថលឈានមុខគេ បានសហការជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារ អេស៊ីលីដា ដើម្បីបន្តពង្រីកលទ្ធភាព នៃការទូទាត់បែបឌីជីថលនៅកម្ពុជា ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ កាតនិម្មិតបាគង Visa (Bakong Virtual Visa Card) ទទួលបាននូវបទពិសោធន៍ទូទាត់តាមរយៈ Google Pay ប្រកបដោយសុវត្ថិភាពខ្ពស់ ភាពរលូន និងឆាប់រហ័ស តាមរយៈ ទូរស័ព្ទដៃដែលគាំទ្រមុខងារនេះ។

មុខងារថ្មីនេះ ផ្តល់នូវជម្រើសដែលមានភាពងាយស្រួលបន្ថែម ដល់អ្នកប្រើប្រាស់ កាតនិម្មិតបាគង Visa សម្រាប់ការចំណាយ ប្រចាំថ្ងៃ ដូចជាការទិញទំនិញ ទិញអាហារ រហូតដល់ការធ្វើដំណើរ នៅគ្រប់ទីកន្លែងដែលទទួលយកការទូទាត់តាមរយៈ បច្ចេកវិទ្យា Contactless ។ ការភ្ជាប់ កាតនិម្មិត Visa ជាមួយកាបូបឌីជីថលបាគងនេះ ផ្តល់ភាពបត់បែន និងផ្តល់ ជម្រើសទូទាត់កាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់។
ការដាក់ឱ្យដំណើរការនេះ ធ្វើឡើងស្របពេលដែលសន្ទុះនៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាកំពុងកើនឡើងយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធទូទាត់បាគង បាន ដំណើរការប្រតិបត្តិការរហូតដល់ប្រមាណ ១,៣៣ពាន់លាន ក្នុងឆ្នាំ២០២៥ ដែលជាកំណើន ១១៨,៧% ធៀបនឹងឆ្នាំមុន ។ កំណើនដ៏លេចធ្លោនេះបង្ហាញយ៉ាងច្បាស់ពីតួនាទីកាន់តែសំខាន់នៃការទូទាត់តាមរយៈឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ព្រមទាំងបើកឱកាសកាន់តែទូលំទូលាយក្នុងការផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយទូទាត់ដែលមានភាពងាយស្រួល និងរហ័សជាងមុន។

រាល់ប្រតិបត្តិការតាមរយៈ Google Pay ត្រូវបានដំណើរការតាមរយៈ បច្ចេកវិទ្យា Tokenization របស់ក្រុមហ៊ុន Visa ដែលជំនួសលេខកាតជាមួយនឹងលេខកូដសម្ងាត់ឌីជីថល (Digital Tokens)។ ដំណោះស្រាយនេះ ជួយការពារទិន្នន័យទូទាត់ សំខាន់ៗ ដោយមិនបង្ហាញព័ត៌មានកាតទៅកាន់អ្នកលក់ ឬ រក្សាទុកនៅលើឧបករណ៍ណាមួយឡើយ ហើយការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless កាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ៖ “បាគងទៅកាន់ពិភពលោក គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់បាគង ដោយវិវត្តពីប្រព័ន្ធទូទាត់ក្នុងស្រុក ទៅជាច្រកទូទាត់ទូទាំងសាកលលោក។ កិច្ចសហការនេះ នឹងតភ្ជាប់ប្រព័ន្ធ ទូទាត់ជាតិរបស់កម្ពុជា ទៅនឹងបណ្តាញទូទាត់ជាសាកលរបស់ Visa ដោយផ្តល់ជូនប្រជាជនកម្ពុជា នូវមធ្យោបាយទូទាត់ប្រាក់ ដែលទំនើប មានភាពងាយស្រួល សុវត្ថិភាព និងអាចទុកចិត្តបាន គ្រប់ទីកន្លែង ដែលពួកគេធ្វើដំណើរ។”

លោក Luca Guidobaldi ប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ ថា៖ “អាទិភាពចម្បង ដែលមិនអាចខ្វះបានសម្រាប់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល គឺ ភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងទំនុកចិត្ត។ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា Tokenization របស់ Visa ទៅក្នុង Google Pay សម្រាប់ការប្រើប្រាស់ កាតនិម្មិតបាគង Visa ក្រោមការគាំទ្រពី ធនាគារ អេស៊ីលីដា ភីអិលស៊ី យើងមិនត្រឹមតែពង្រីកជម្រើសទូទាត់ ជូនអតិថិជន ប៉ុណ្ណោះទេ ថែមទាំងជួយការពារទិន្នន័យប្រតិបត្តិការប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ។ កិច្ចសហការនេះឆ្លុះ បញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បទពិសោធន៍ទូទាត់ឌីជីថលប្រកបដោយទំនុកចិត្ត ស្របតាមការវិវត្តនៃ តម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា”។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ បានមានប្រសាសន៍ថា៖ “នៅធនាគារ អេស៊ីលីដា យើងតែងតែប្តេជ្ញាផ្តល់ជូនអតិថិជន និងសាធារណជន នូវដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់បំផុត។ ការដាក់ឱ្យដំណើរការសេវា Google Pay សម្រាប់អ្នកប្រើប្រាស់ កាតនិម្មិតបាគង Visa ដែលបំពេញតាម លក្ខខណ្ឌ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារយើងក្នុងការលើកកម្ពស់បទពិសោធន៍ក្នុងការទូទាត់ និងសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា។»

ស្របពេលដែលអតិថិជនកាន់តែងាកមកចាប់យកបទពិសោធន៍ឌីជីថល នោះកាបូបលុយអេឡិចត្រូនិកលើទូរស័ព្ទដៃ (Mobile Wallets) បានក្លាយជាជម្រើសដ៏ងាយស្រួល និងរហ័សទាន់ចិត្តសម្រាប់ការទូទាត់ដោយផ្ទាល់នៅតាមហាងទំនិញ ដោយមិនចាំបាច់ប្រើប្រាស់កាតរូបវន្តឡើយ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធក្នុង ក្នុងវិស័យទូទាត់សាច់ប្រាក់ ក្រុមហ៊ុន Visa នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រីកដំណោះស្រាយទូទាត់ឌីជីថល ប្រកប ដោយសុវត្ថិភាពខ្ពស់ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា។

នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកប្រើប្រាស់ប្រមាណជា ៧១ភាគរយ បានប្រើប្រាស់ទូរស័ព្ទដៃក្នុងការទូទាត់ប្រាក់នៅតាមហាង និងអនឡាញ ខណៈពេលដែល ៦៣ភាគរយ ចំណាយច្រើនលើការធ្វើដំណើរកម្សាន្តជាផែនការចំណាយចម្បងរបស់ពួកគេ ។ ជាមួយគ្នានេះ ទិន្នន័យរបស់ Visa ក៏បានបង្ហាញផងដែរថា ការធ្វើដំណើរកម្សាន្ត នៅតែជាប្រភេទចំណាយដ៏ធំបំផុតនៅក្នុងតំបន់ ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ការតភ្ជាប់នវានុវត្តន៍ទូទាត់ក្នុងស្រុកជាមួយបទពិសោធន៍ឌីជីថល នឹងជួយដល់ការទូទាត់ សម្រាប់អតិថិជន ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយសេដ្ឋកិច្ចក្នុងតំបន់។
ក្រុមហ៊ុន Visa ក៏បានចូលរួម ក្នុងការជំរុញការតភ្ជាប់នេះផងដែរ តាមរយៈការភ្ជាប់ជាមួយ កម្មវិធីទូទាត់បាគងទេសចរ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិភ្ជាប់ Visa កាត របស់ពួកគេ ដើម្បីធ្វើប្រតិបត្តិការទូទាត់តាមរយៈឌីជីថលបានយ៉ាងរលូន ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន Visa
ក្រុមហ៊ុន Visa គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
Head of Corporate Communications
Visa Vietnam, Cambodia and Laos
អ៊ីម៉ែល៖ [email protected]
Tel: +84 909 199 823

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា