កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ និងបន្តជំរុញដំណោះស្រាយព្រំដែនដោយសន្តិវិធីតាមយន្តការទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ និងបន្តជំរុញដំណោះស្រាយព្រំដែនដោយសន្តិវិធីតាមយន្តការទ្វេភាគី

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ និងបន្តជំរុញដំណោះស្រាយព្រំដែនដោយសន្តិវិធីតាមយន្តការទ្វេភាគី

កម្ពុជា បានចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់របស់ភាគីថៃ ដែលថាកម្ពុជាបានប្រើប្រាស់វេទិកាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្អួចកេរ្តិ៍ឈ្មោះថៃ ឬរារាំងមិនឱ្យគណៈប្រតិភូថៃឡើងថ្លែងការណ៍ ដោយកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ចំពោះការសន្ទនាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិក្នុងការដោះស្រាយស្ថានការណ៍ព្រំដែន។
 
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការលើកឡើងរបស់កម្ពុជាអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ គឺមានបំណងទាញចំណាប់អារម្មណ៍លើការវិវត្តជាក់ស្តែងនៅលើដី និងផលវិបាកមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់លើការបន្ធូរភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី។ គោលបំណងទាំងនេះ គឺស្របទៅនឹងគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទនៃកិច្ចប្រជុំកំពូល គឺ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
 
ក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា  អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ កម្ពុជាបានបំពេញការទទួលខុសត្រូវរបស់ខ្លួនដោយភាពមិនលម្អៀង និងតម្លាភាព។ ​ម៉្យាងទៀត ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការ OIF កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការសម្តែងកង្វល់លើបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងសុខុមាលភាពប្រជាជនខ្លួន។
 
កង្វល់ទាំងនោះ គឺផ្អែកលើការវិវត្តជាក់ស្តែង រួមមាន ការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរ វត្តមានកងកម្លាំងប្រដាប់អាវុធថៃលើដែនដីកម្ពុជា ការខូចខាតដល់បេតិកភណ្ឌវប្បធម៌កម្ពុជា ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក្នុងនោះមាន ២ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
 
ទាក់ទងនឹងការចោទប្រកាន់ថា កម្ពុជាមានចេតនាមិនផ្តល់ឱកាសឱ្យភាគីថៃថ្លែងសេចក្តីក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រី កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ និងពន្យល់ថា ដោយសារកិច្ចប្រជុំបានប្រព្រឹត្តទៅយឺតជាងកាលវិភាគកំណត់ជាងពីរម៉ោង កម្ពុជាក្នុងនាមប្រធានអង្គប្រជុំ មានការពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF បានឯកភាពផ្តល់អាទិភាពថ្លែងសេចក្តីដល់អ្នកសង្កេតការណ៍ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រីប៉ុណ្ណោះ។ ចំណែកគណៈប្រតិភូផ្សេងទៀត រួមទាំងភាគីថៃផងដែរ ត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការនៃកិច្ចប្រជុំ ដែលការរៀបចំនេះត្រូវបានអនុវត្តដូចៗគ្នាដោយគ្មានការរើសអើងឡើយ។
 
សម្រាប់ដំណោះស្រាយបញ្ហាព្រំដែន កម្ពុជារក្សាជំហរថា ការទាមទារទឹកដីដែលខុសគ្នា ត្រូវតែដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជាបានអំពាវនាវជាថ្មីឱ្យបន្តឡើងវិញដោយមិនពន្យារពេលនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង និងជំរុញការកំណត់ព្រំដែន។
 
កម្ពុជា​​ ភាពជាអ្នកជិតខាងល្អពិតប្រាកដត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាដែលបានព្រមព្រៀងគ្នា ការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅសងខាងព្រំដែន៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា