មិត្តហ្វូន និង CPL Cares រួមគ្នាផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិត្តហ្វូន និង CPL Cares រួមគ្នាផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

មិត្តហ្វូន និង CPL Cares រួមគ្នាផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

ក្រុមហ៊ុន មិត្តហ្វូន សហការជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares ក្រោមប្រធានបទ “ហ៊ានចាប់ក្ដីស្រម៉ៃ” រៀបចំសកម្មភាពមនុស្សធម៌នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ជំនួយចាំបាច់ និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន ព្រមទាំងបង្កើតនូវបទពិសោធន៍វិជ្ជមាន និងប្រកបដោយអត្ថន័យសម្រាប់កុមារ និងយុវជន។

កម្មវិធីនេះរួមមានការបរិច្ចាគសម្ភារៈ និងគ្រឿងឧបភោគបរិភោគចាំបាច់ ការរៀបចំសកម្មភាពបាល់ទាត់សម្រាប់កុមារ និងយុវជន ព្រមទាំងការចាក់បញ្ចាំងភាពយន្តក្រៅអគារដោយ TV360 ដើម្បីផ្តល់ភាពកក់ក្តៅ ការលើកទឹកចិត្ត និងបង្កើតបរិយាកាសរីករាយជូនដល់គ្រួសារដែលកំពុងជួបប្រទះការលំបាក។

ភូមិរង់ចាំ គឺជាទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានចាកចេញពីលំនៅឋាន និងកំពុងរង់ចាំឱកាសវិលត្រឡប់ទៅកាន់សហគមន៍ដើមរបស់ខ្លួនវិញ។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការសិក្សារបស់កូនៗ និងការរក្សាទំនាក់ទំនងជាមួយសាច់ញាតិ។ ដោយយល់ពីស្ថានភាពនេះ មិត្តហ្វូន និងដៃគូសហការបានរួមគ្នារៀបចំសកម្មភាពដែលមិនត្រឹមតែផ្តល់ជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការលើកទឹកចិត្ត និងឱកាសឱ្យសមាជិកសហគមន៍បានចូលរួមក្នុងសកម្មភាពរួមគ្នាផងដែរ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា មិត្តហ្វូនបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជំនួយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ដល់គ្រួសារនៅភូមិរង់ចាំ ដើម្បីចូលរួមសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់មិត្តហ្វូន ចំពោះប្រជាពលរដ្ឋដែលកំពុងត្រូវការការគាំទ្រ។

ក្នុងថ្ងៃដដែល មិត្តហ្វូន និង CPL Cares ក៏បានសហការរៀបចំកម្មវិធីបង្វឹកបាល់ទាត់ និងចែករំលែកចំណេះដឹងសម្រាប់កុមារ និងយុវជន ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករមកពីលីគកំពូលកម្ពុជា។ តាមរយៈសកម្មភាពនេះ កុមារ និងយុវជនមានឱកាសស្វែងយល់ពីបច្ចេកទេសបាល់ទាត់មូលដ្ឋាន អភិវឌ្ឍជំនាញការងារជាក្រុម បង្កើនទំនុកចិត្តលើខ្លួនឯង យល់ដឹងពីសារៈសំខាន់នៃការទទួលទានអាហារសុខភាព និងអាហារូបត្ថម្ភ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗជាមួយកីឡាករអាជីព។ លើសពីការហ្វឹកហាត់កីឡា កម្មវិធីនេះក៏មានគោលបំណងបង្កើតស្នាមញញឹម ផ្តល់ពេលវេលាដ៏រីករាយ និងលើកទឹកចិត្តកុមារដែលកំពុងរស់នៅឆ្ងាយពីផ្ទះឱ្យជឿជាក់លើសក្តានុពល និងខិតខំសម្រេចក្តីសុបិនរបស់ពួកគេ។

បន្តពីសកម្មភាពមនុស្សធម៌ និងកីឡា TV360 ដែលជាវេទិកាកម្សាន្តឌីជីថលរបស់មិត្តហ្វូន នឹងរៀបចំការចាក់បញ្ចាំងភាពយន្តក្រៅអគាររយៈពេលពីររាត្រី នៅថ្ងៃទី២០ និងទី២១ ខែវិច្ឆិកាផងដែរ។ ការចាក់បញ្ចាំងនេះមានគោលបំណងផ្តល់ឱកាសឱ្យកុមារ យុវជន និងក្រុមគ្រួសារបានជួបជុំគ្នា សម្រាកលំហែ និងរីករាយជាមួយការកម្សាន្តក្នុងបរិយាកាសស្និទ្ធស្នាល។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការប្រើប្រាស់សេវាកម្មឌីជីថលរបស់មិត្តហ្វូន ដើម្បីនាំមកនូវបទពិសោធន៍វិជ្ជមាន និងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍។

លោក Le Duc Anh ប្រធាននាយកដ្ឋានម៉ាកយីហោ នៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «មិត្តពិតប្រាកដ គឺជាអ្នកដែលតែងតែឈរនៅក្បែរគ្នាក្នុងគ្រាលំបាក។ លោកបានលើកឡើងទៀតថា ការរស់នៅឆ្ងាយពីផ្ទះ និងការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ មិនមែនជារឿងងាយស្រួលនោះទេ។ ទោះបីជាមិត្តហ្វូនមិនអាចកាត់បន្ថយរយៈពេលនៃការរង់ចាំនេះបានក៏ដោយ យើងសង្ឃឹមថា ជំនួយ និងសកម្មភាពដែលបានរៀបចំឡើងនឹងអាចជួយសម្រាលការលំបាក និងនាំមកនូវស្នាមញញឹមដល់ក្រុមគ្រួសារនៅទីនេះ។ មិត្តហ្វូននឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រប្រជាពលរដ្ឋកម្ពុជានៅពេលដែលពួកគេត្រូវការជំនួយ»។

លោក Peter Koo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា កុមារគ្រប់រូបគួរតែមានឱកាសអភិវឌ្ឍសមត្ថភាព និងទទួលបានការលើកទឹកចិត្ត ដើម្បីឈានទៅសម្រេចក្តីសុបិនរបស់ពួកគេ។ តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares ក្រោមប្រធានបទ “ហ៊ានចាប់ក្តីស្រមៃ” យើងចង់នាំមកនូវភាពសប្បាយរីករាយ អនុស្សាវរីយ៍ល្អៗ ព្រមទាំងបណ្តុះទម្លាប់រស់នៅប្រកបដោយសុខភាពល្អដល់កុមារ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ សម្រាប់លីគកំពូលកម្ពុជា បាល់ទាត់មិនមែនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកកសាងសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការគាំទ្រពីក្រុមហ៊ុន មិត្តហ្វូន ដែលបានរួមចំណែកធ្វើឱ្យចក្ខុវិស័យនេះលេចចេញជារូបរាងពិតប្រាកដ»។

ក្រៅពីការផ្តល់ជំនួយ និងការរៀបចំសកម្មភាពសហគមន៍ មិត្តហ្វូនក៏ផ្តល់សារៈសំខាន់ដល់ការរក្សាទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ។ សម្រាប់អ្នកដែលត្រូវរស់នៅឆ្ងាយពីលំនៅឋាន ការទទួលបានសេវាទូរគមនាគមន៍ដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាមធ្យោបាយសំខាន់ក្នុងការទាក់ទងជាមួយសាច់ញាតិ ទទួលបានព័ត៌មានចាំបាច់ និងបន្តការសិក្សា ឬសកម្មភាពប្រចាំថ្ងៃតាមប្រព័ន្ធឌីជីថល។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តខិតខំពង្រឹងបណ្តាញទំនាក់ទំនង និងអភិវឌ្ឍសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
កម្មវិធីនៅភូមិរង់ចាំនេះ គឺជាផ្នែកមួយនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់មិត្តហ្វូន ដែលផ្តោតលើការចូលរួមដោះស្រាយតម្រូវការជាក់ស្តែងរបស់សហគមន៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហការជាមួយ CPL Cares និងដៃគូពាក់ព័ន្ធ មិត្តហ្វូនបន្តបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ទាំងតាមរយៈបច្ចេកវិទ្យា និងសកម្មភាពមនុស្សធម៌។

ក្រោមស្មារតី «មិត្តហ្វូន ដើម្បីកម្ពុជា» ក្រុមហ៊ុនបន្តប្តេជ្ញាឈរនៅក្បែរប្រជាជនកម្ពុជា មិនត្រឹមតែតាមរយៈការផ្តល់សេវាទំនាក់ទំនង និងដំណោះស្រាយឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចូលរួមចែករំលែក និងគាំទ្រសហគមន៍ក្នុងគ្រប់កាលៈទេសៈ៕


ដោយ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា