CDC ជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន រួមគ្នាកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CDC ជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន រួមគ្នាកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ  

CDC ជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន រួមគ្នាកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ  

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងពង្រឹងភាពជាដៃគូយ៉ាងស្អិតរមួត ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងបង្កើតបរិយាកាសវិនិយោគអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេស។
 
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងពិធីបើកទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពធន់តាមរយៈនវានុវត្តន៍៖ សហគ្រិនភាពកម្ពុជាសម្រាប់អនាគត» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យរឹងមាំ មិនមែនជាបន្ទុករបស់ភាគីណាមួយតែឯងនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន ខណៈរាជរដ្ឋាភិបាលចាត់ទុកសហគ្រិន និងសហគ្រាសក្នុងស្រុក គឺជាឆ្អឹងខ្នងនៃការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិ។
 
ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់គន្លឹះមួយចំនួន ដើម្បីកសាងភាពធន់របស់វិស័យឯកជនក្នុងស្រុក និងអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាព។ ក្នុងនោះ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ចំណេញពេលវេលា និងបង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងក្នុងប្រទេស និងជាមួយតំបន់ឱ្យកាន់តែរលូន។
 
កម្ពុជាត្រូវអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញបច្ចេកទេសកម្រិតខ្ពស់ ដើម្បីបង្កើតធនធានមនុស្សដែលមានផលិតភាពខ្ពស់ ភាពបត់បែន និងសមត្ថភាពឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មទំនើប។
 
ឯកឧត្តមបានណែនាំឱ្យបន្តធ្វើកំណែទម្រង់ និងសម្រួលនីតិវិធីរដ្ឋបាល តាមរយៈការធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងបន្ទុកចំណាយក្រៅផ្លូវការនានាក្នុងការធ្វើធុរកិច្ច សំដៅបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណបាន និងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកលលោក។
 
លើសពីនេះទៀត កម្ពុជាត្រូវកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍ដ៏រឹងមាំ ដោយជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មី ព្រមទាំងលើកទឹកចិត្តដល់ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ បញ្ញាសិប្បនិម្មិត (AI) និងគំនិតច្នៃប្រឌិត ដើម្បីបង្កើតបរិយាកាសធុរកិច្ចមួយដែលមានភាពធន់ រស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចថ្មី។
 
សូមបញ្ជាក់ថា ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៦ គឺជាជំនួបសហគ្រិនដ៏ធំប្រចាំឆ្នាំ ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍អំពីតួនាទីនៃនវានុវត្តន៍ ក្នុងការពង្រឹងភាពធន់របស់សហគ្រិន និងអាជីវករកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានា ព្រមទាំងចាប់យកឱកាសថ្មីៗសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា