អ្នកជំនាញ៖ បទឈប់បាញ់កម្ពុជា និងថៃ ៣លើកដែលលោក ត្រាំ រំឭក ក្លាយជាសម្ពាធការទូតលើភាគីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ៖ បទឈប់បាញ់កម្ពុជា និងថៃ ៣លើកដែលលោក ត្រាំ រំឭក ក្លាយជាសម្ពាធការទូតលើភាគីថៃ

អ្នកជំនាញ៖ បទឈប់បាញ់កម្ពុជា និងថៃ ៣លើកដែលលោក ត្រាំ រំឭក ក្លាយជាសម្ពាធការទូតលើភាគីថៃ

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច APEC លើកទី៣៣ នៅទីក្រុងសិនជិន ប្រទេសចិន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរំឭកជាលើកទី៣ នៅចំពោះមុខនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល អំពីតួនាទីរបស់អាមេរិកក្នុងការជួយសម្របសម្រួលបទឈប់បាញ់ជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ កាលពីមួយឆ្នាំមុន ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាច្រើន។ លោកបានចាត់ទុកសមិទ្ធផលនេះជាមោទនភាពសម្រាប់ប្រទេសទាំងពីរ កម្ពុជា និងថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទាំងវិបុលភាព ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានគូសបញ្ជាក់ថា ការដែលប្រធានាធិបតីអាមេរិកលើកឡើងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ដល់ទៅ ៣ លើក បានបង្កើតជាសម្ពាធ និងឥទ្ធិពលការទូតដ៏សំខាន់ ដែលធ្វើឱ្យថៃពុំអាចបន្តព្រងើយកន្តើយចំពោះដំណោះស្រាយបញ្ហាព្រំដែនបានទៀតនោះទេ។
 
លោកបន្តថា ៖ «កាយវិការហ្នឹងដូចជាការគូសបញ្ជាក់ និងផ្ញើសារដោយត្រង់ជាក់ស្តែងទៅឱ្យប្រទេសថៃ  ខ្ញុំជឿថាសហគមន៍អន្តរជាតិ និងអាមេរិក មិនមែនមិនដឹងថាថៃរំលោភបទឈប់បាញ់ អ៊ីចឹងសារប៉ុណ្ណឹងគឹគ្រប់គ្រាន់ល្មមថាថៃត្រឡប់ទៅរកការចរចា ការបន្តការងារខណ្ឌសីមាព្រំដែន បញ្ជូន​ក្រុមការងារវាស់វែងបច្ចេកទេសមកវាស់វែង។» 
 
លោកបណ្ឌិត គិន ភា យល់ឃើញថា ការលើកឡើងរបស់លោកត្រំា នេះ ក៏បានបង្ហាញពីការមិនបោះបង់ចោលនូវកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្របសម្រួលបទឈប់បាញ់ និងយកចិត្តទុកដាក់ចំពោះជនភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។
 
ចំណែកលោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតែមានសារៈសំខាន់ និងមិនអាចខ្វះបាន។ លោកយល់ឃើញថា លោក ដូណាល់ ត្រាំ នឹងមិនបណ្តោយឱ្យកិច្ចព្រមព្រៀងនេះបរាជ័យដោយងាយៗនោះទេ។ ផ្ទុយទៅវិញ អាមេរិកទំនងជានឹងបន្តដើរតួជាអ្នកឃ្លាំមើល និងជំរុញកិច្ចការទូត ដើម្បីរក្សាស្ថិរភាព និងសន្តិសុខនៅតាមព្រំដែន ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
 
មកទល់ពេលនេះ ជនភៀសសឹកកម្ពុជាចំនួន ២ម៉ឺននាក់ នៅពុំទាន់អាចវិលត្រឡប់ទៅកាន់មូលដ្ឋានដើមវិញបានទេ ព្រោះភូមិឋានរបស់ពួកគេត្រូវបានកងទ័ពថៃបិទខ្ទប់ដោយទូកុងតឺន័រ រាយបន្លាលួស បង្កៃគ្រាប់យុទ្ធភណ្ឌ និងឈ្លានពានកាន់កាប់ដោយខុសច្បាប់ ថែមទាំងបានបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរអស់ជាច្រើនខ្នងថែមទៀតផង។
 
ក្រសួងការបរទេសកម្ពុជា បានបន្តទាមទារឱ្យប្រទេសថៃវិលចូលតុចរចា ដើម្បីរៀបចំផែនការវាស់វែងព្រំដែនឡើងវិញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា ព្រមទាំងអំពាវនាវឱ្យភាគីថៃគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា