រុស្ស៊ី វាយប្រហារឈុតធំលើ អ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយជំនួបមហាអំណាចទាំង ៣ បិទបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី វាយប្រហារឈុតធំលើ អ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយជំនួបមហាអំណាចទាំង ៣ បិទបញ្ចប់

រុស្ស៊ី វាយប្រហារឈុតធំលើ អ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយជំនួបមហាអំណាចទាំង ៣ បិទបញ្ចប់

កៀវ ៖ កងកម្លាំងរុស្ស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍បានបើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើប្រទេសអ៊ុយក្រែន ពោលគឺនៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយសមភាគីអាមេរិក និងចិន ក្នុងកិច្ចពិភាក្សាត្រីភាគីជាប្រវត្តិសាស្ត្រមួយ ។

បើតាម CNN, ការវាយប្រហារទាំងនេះបានកើតឡើង បន្ទាប់ពី លោក ពូទីន បានប្រកាសប្តេជ្ញាចេញពីប្រទេសចិនថា រុស្ស៊ីនឹងសងសឹកចំពោះការវាយប្រហារថ្មីៗ របស់អ៊ុយក្រែន ទៅលើស្ពានដ៏សំខាន់មួយ មានតម្លៃរាប់ពាន់លានដុល្លារ ដែលតភ្ជាប់រុស្ស៊ីទៅកាន់តំបន់គ្រីមៀ និងកំពុងកាន់កាប់ដោយទីក្រុងមូស្កូ ។

ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ក្នុងការវាយប្រហារនោះ រុស្ស៊ីបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ពីទាំងលើគោក សមុទ្រ និងអាកាស ព្រមទាំងប្រើប្រាស់យន្តហោះដ្រូនផងដែរ ។

ក្រសួងបញ្ជាក់ថា ការវាយប្រហារនោះ រុស្ស៊ីបានកំណត់គោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន, ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងតំបន់ Odesa និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងកៀវ ។

ចំណែកអភិបាលក្រុងកៀវ លោក Vitaly Klitschko អះអាងថា ការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះដ្រូន មកលើអ៊ុយក្រែនមានរយៈពេលជាង ៦ ម៉ោង ។ លោកថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់នៅក្នុងទីក្រុងកៀវ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងរដ្ឋធានីផងដែរ ។

លោកអភិបាលក្រុងកៀវបន្តថា ស្ពានចំនួន ៣ នៅលើទន្លេ Dnipro ដែលហូរកាត់ទីក្រុងកៀវ ក៏ត្រូវបានខូចខាត ហើយទីក្រុងកៀវចាត់ទុកថា នេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់រុស្ស៊ី ក្នុងការកាត់ផ្តាច់ផ្លូវដឹកជញ្ជូនដែលតភ្ជាប់ផ្នែកទាំងពីរនៃរដ្ឋធានីនេះ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា