ចិន ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងវិស័យផលិតកម្ម ខណៈការសាកល្បង 6G កំពុងបន្តរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងវិស័យផលិតកម្ម ខណៈការសាកល្បង 6G កំពុងបន្តរីកចម្រើន

ចិន ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងវិស័យផលិតកម្ម ខណៈការសាកល្បង 6G កំពុងបន្តរីកចម្រើន

ប៉េកាំង ៖ ប្រទេសចិនកំពុងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ចល័តជំនាន់ទី៥ (5G) នៅក្នុងវិស័យផលិតកម្ម ដោយបានបង្កើតបណ្តាញ 5G ឯកជនសម្រាប់ឧស្សាហកម្មជាង ២៦.០០០បណ្តាញនៅទូទាំងប្រទេស ខណៈការសាកល្បងបច្ចេកវិទ្យា 6G ជំនាន់បន្ទាប់កំពុងបន្តរីកចម្រើន ។

បើតាម Bloomberg ដកស្រង់របាយការណ៍ពី CCTV ឱ្យដឹងថា បណ្តាញអ៊ីនធឺណិតឧស្សាហកម្មរបស់ចិន បានគ្របដណ្តប់លើវិស័យឧស្សាហកម្មសំខាន់ៗទាំង ៤១ ប្រភេទរបស់ប្រទេសមហាយក្សនៅអាស៊ីមួយនេះ ។

របាយការណ៍បន្ថែមថា ប្រទេសចិនបានបង្កើតរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យា 5G ចំនួន ១.២៦០ រោងចក្រ ដើម្បីជំរុញការតភ្ជាប់ និងប្រសិទ្ធភាពក្នុងដំណើរការផលិតកម្ម ។

ទន្ទឹមនឹងការពង្រីកបណ្តាញ 5G, អ្នកស្រាវជ្រាវចិនក៏កំពុងសាកល្បងសមត្ថភាពរបស់បច្ចេកវិទ្យា 6G ផងដែរ ខណៈបច្ចេកវិទ្យាជំនាន់បន្ទាប់នេះ អាចជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនាពេលអនាគត ។

របាយការណ៍ដដែលបញ្ជាក់ថា ការសាកល្បងនេះ មានគោលបំណងឱ្យបណ្តាញទូរគមនាគមន៍មិនត្រឹមតែអាចបញ្ជូនទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចាប់សញ្ញាវត្ថុ និងចលនានៅជុំវិញ តាមរយៈសញ្ញាវិទ្យុផងដែរ ។ សមត្ថភាពនេះអាចផ្តល់ព័ត៌មានបន្ថែមដល់ប្រព័ន្ធយានយន្តស្វ័យប្រវត្តិ ដើម្បីជួយឱ្យយានយន្តអាចដឹងពីវត្ថុ ឬយានយន្តផ្សេងទៀតនៅក្នុងបរិវេណជុំវិញខ្លួន ។

យ៉ាងណា បច្ចេកវិទ្យា 6G នៅតែស្ថិតក្នុងដំណាក់កាលសាកល្បង និងអភិវឌ្ឍន៍នៅឡើយ ហើយក៏មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនោះទេ ។

ប៉ុន្តែការពង្រីកបណ្តាញ 5G និងការអភិវឌ្ឍ 6G បង្ហាញពីការខិតខំរបស់ប្រទេសចិន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ។

ជាក់ស្តែង បណ្តាញ 5G អាចជួយឱ្យរោងចក្រភ្ជាប់ម៉ាស៊ីន និងឧបករណ៍ផលិតកម្មទៅក្នុងប្រព័ន្ធតែមួយ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យ និងគ្រប់គ្រងដំណើរការផលិតកម្ម ។ រីឯ 6G អាចបន្ថែមសមត្ថភាពចាប់សញ្ញា ដែលអាចបើកផ្លូវឱ្យមានការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្ម៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា