ប្រមុខការទូតកម្ពុជាដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជាដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

ប្រមុខការទូតកម្ពុជាដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល អមដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាភ្នាក់ងាររង បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់ ចូលរួមកិច្ចកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តុលាការមជ្ឈការអចិន្ត្រៃយ៍បានប្រកាសថា ចាប់ពីថ្ងៃទី២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមឡើងដោយ កម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាព បច្ចេកទេស។ កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាស ដើម្បីស្វែងរកបន្ថែមទៀត នូវចំណុចរួម និងការឯកភាពគ្នាផងដែរ។

គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងរងរបស់ រាជរដ្ឋាភិបាល ដោយមានប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់អមដំណើរ។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណង រវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ច ព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរលើព្រំដែនសមុទ្រ។ ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេស ទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា