ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ចំពោះសារអបអរទិវាឯករាជ្យជាតិ និងការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ចំពោះសារអបអរទិវាឯករាជ្យជាតិ និងការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ

ព្រះមហាក្សត្រខ្មែរថ្លែងអំណរគុណលោក ដូណាល់ ត្រាំ ចំពោះសារអបអរទិវាឯករាជ្យជាតិ និងការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ


ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានផ្ញើព្រះរាជសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ក្នុងព្រះរាជសារនោះ ព្រះអង្គក៏បានសម្តែងនូវអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃរបស់ប្រធានាធិបតីអាម៉េរិក លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

យោងតាមព្រះរាជសារចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ និងបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃពុធ ទី ២៥ វិច្ឆិកា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអនុវត្តច្បាប់ និងសកម្មភាពបោសសម្អាតមីនមនុស្សធម៌។ ព្រះអង្គទ្រង់មានព្រះរាជជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តចាក់ឫសកាន់តែជ្រៅ និងរីកចម្រើនជាលំដាប់ ដើម្បីរួមចំណែកដល់សុខុមាលភាព និងវិបុលភាពរួមរបស់ប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះ ព្រះមហាក្សត្រខ្មែរ រួមជាមួយប្រជាពលរដ្ឋកម្ពុជាទាំងមូល បានសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះលោកប្រធានាធិបតីអាម៉េរិក ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ព្រះអង្គទ្រង់បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសព្វព្រះរាជហឫទ័យសង្ឃឹមមុតមាំថា ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះដោយស្មោះត្រង់ នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពរួមដ៏យូរអង្វែងសម្រាប់កម្ពុជា និងតំបន់ទាំងមូល៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា