តំបន់រមណីយដ្ឋានតំបន់ទឹកឈូ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ នាឱកាសបុណ្យអុំទូក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់រមណីយដ្ឋានតំបន់ទឹកឈូ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ នាឱកាសបុណ្យអុំទូក

តំបន់រមណីយដ្ឋានតំបន់ទឹកឈូ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ នាឱកាសបុណ្យអុំទូក

ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកន្លងទៅថ្មីៗនេះ ខេត្តកំពតទទួលបាន​ភ្ញៀវ​​ទេសចរ​យ៉ាង​ច្រើនកុះករ ក្នុងនេះតំបន់រមណីយដ្ឋានទឹកឈូ នៅតែឈរនៅលំដាប់កំពូលដែលទាក់ទាញភ្ញៀវ​ឱ្យទៅសម្រាកកម្សាន្ត​ច្រើន​ជាងគេ។

បើទោះបីជាខេត្តកំពតមានតំបន់ទេសចរណ៍ថ្មីៗជាច្រើនក៏ដោយ ប៉ុន្តែបណ្តុំរមណីយដ្ឋានក្នុងស្រុកទឹកឈូ នៅតែជាជម្រើសអាទិភាព​របស់ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ។

ក្រៅពីរមណីយដ្ឋានទឹកឈូ និងទឹកធ្លាក់តាដា ទីតាំងកម្សាន្តបែបធម្មជាតិ និងផ្សងព្រេងផ្សេងៗទៀត​ដូចជា «ខ្សែរ៉កកាហ្វេ» «ឧទ្យានដង​ព្រែក» និងជាពិសេស «រមណីយដ្ឋានដូងទេរ» ក៏មានប្រជាប្រិយភាពខ្លាំង និងមានភ្ញៀវចូលកម្សាន្តណែនណាន់តាន់តាប់។

ទន្ទឹមនឹងកំណើនភ្ញៀវ បុគ្គលិកបម្រើការងារនៅរមណីយដ្ឋានដូងទេរ បានឱ្យដឹងថា ចំនួនអ្នកមកកម្សាន្តក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ មាន​សន្ទុះ​កើន​ឡើងខ្ពស់ជាងឆ្នាំមុន ដោយសារតែរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូកដែលជាដែកឆក់​ស្រូបទាញភ្ញៀវឱ្យមកលេងខេត្ត​កំពត​កាន់តែច្រើន។

ត្រឡប់ទៅ «ខ្សែរ៉កកាហ្វេ ឧទ្យានដងព្រែក» ឯណោះវិញ ក៏មានភ្ញៀវទេសចរសម្រុកទៅទស្សនា​និងផ្តិតយករូបភាពទេសភាពដងដ៏ស្រស់​ស្អាត ទុកជាអនុស្សាវរីយ៍និងបង្ហោះលើបណ្ដាញសង្គមផងដែរ។

យោងតាមរបាយការណ៍របស់លោក ញ៉ាន់ ប៊ុនណារិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី បានបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនៃ​ពិធី​បុណ្យអុំទូក គឺថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួនជាង ៣៦ម៉ឺននាក់។
ក្នុងនោះភ្ញៀវទេសចរដែលទៅកម្សាន្តតាមបណ្តារមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា មានចំនួន ១១៦ ៤១៧ នាក់ ខណៈអ្នកចូលរួមទស្សនាពិធីប្រណាំងទូក និងពិធីអកអំបុក មានចំនួន ២៥០ ០០០ នាក់ ហើយក្នុងចំណោមនោះ ក៏មានភ្ញៀវទេសចរអន្តរជាតិចំនួន ២ ០៤១ នាក់ ផងដែរ៕

ដោយ៖ សិលា សារិន

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា