កម្ពុជាក្នុងវេទិកាអន្តរជាតិនៅឥណ្ឌា ៖ការបំផ្លាញប្រាសាទព្រះវិហារដោយជម្លោះប្រដាប់អាវុធ គឺជាការបំផ្លាញការចងចាំរួមរបស់មនុស្សជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាក្នុងវេទិកាអន្តរជាតិនៅឥណ្ឌា ៖ការបំផ្លាញប្រាសាទព្រះវិហារដោយជម្លោះប្រដាប់អាវុធ គឺជាការបំផ្លាញការចងចាំរួមរបស់មនុស្សជាតិ

កម្ពុជាក្នុងវេទិកាអន្តរជាតិនៅឥណ្ឌា ៖ការបំផ្លាញប្រាសាទព្រះវិហារដោយជម្លោះប្រដាប់អាវុធ គឺជាការបំផ្លាញការចងចាំរួមរបស់មនុស្សជាតិ

ក្នុងវេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា តំណាងក្រសួង​វប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានថ្លែងថា ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាបូជនីយដ្ឋានសក្ការៈ មិនមែនគ្រាន់តែជាការខូចខាត​សំណង់ប៉ុណ្ណោះទេ ប៉ុន្តែជាការប៉ះពាល់ដល់គុណតម្លៃ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។

ក្នុងវេទិកាសន្ទនាអារ្យធម៌ដែលប្រារព្ធទៅនៅប្រទេសឥណ្ឌា មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាលើកឡើងថា ការបំផ្លាញប្រាសាទព្រះវិហារ គឺជាការបំផ្លាញគុណតម្លៃ អត្តសញ្ញាណ និងការចងចាំរួមរបស់មនុស្សជាតិ។ឯកឧត្តម ហាប់ ទូច រដ្ឋលេខា​ធិការប្រចាំការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងដូច្នេះ ក្នុងពិធីបើកវេទិកា​ដែល​ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ផ្នែកវប្បធម៌ អ្នកជំនាញ​បេតិកភណ្ឌ មន្ត្រីសារមន្ទីរ និងអ្នកស្រាវជ្រាវជាច្រើនរូបមកពីបណ្តារដ្ឋសមាជិក និងប្រទេសដៃគូសន្ទនានៃអង្គការសហប្រតិបត្តិការ​សៀង​ហៃ (SCO) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមក្រសួងវប្បធម៌ ក្នុងសុន្ទរកថាបើក ឯកឧត្តម ហាប់ ទូច បានលើកយកករណីប្រាសាទព្រះវិហារមកបញ្ជាក់ថា នៅពេលបូជនីយ​ដ្ឋានសក្ការៈទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចពីសំណាក់ប្រទេសមួយទៀត ផលប៉ះពាល់បានរាលដាល​ហួសពីរូបរាងសំណង់ប្រាសាទ ដោយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណ និងការចងចាំរួមរបស់មនុស្សជាតិ។ ព្រមជាមួយគ្នានេះ ឯកឧត្តមបានចាត់ទុកវេទិកានេះជាយន្តការដ៏សំខាន់ក្នុងការពង្រឹងការសន្ទនា និងស្មារតីទទួលខុសត្រូវរួមគ្នា ដើម្បីការពារ និងលើកស្ទួយ​បេតិក​​ភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលជាគ្រឹះនៃសន្តិភាព ភាពសុខដុមរមនា និងវិបុលភាព។

ទន្ទឹមនឹងការលើកឡើងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធលើបេតិកភណ្ឌ កម្ពុជាក៏បានសម្តែងនូវការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះសុឆន្ទៈ និងស្មារតីទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ក្នុងការចូលរួមជួសជុលស្តារឡើងវិញនូវការខូចខាតទាំងនោះ ដើម្បី​បន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ជាពិសេស កម្ពុជា បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលឥណ្ឌា ដែលបានរួមចំណែកយ៉ាងសកម្មដល់ការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ និង​ប្រាសាទព្រះវិហារ អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។

សូមជម្រាបថា វេទិកាសន្ទនាអារ្យធម៌មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងនេះ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា វេទិកា បានផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការផ្តល់​តម្លៃដល់មរតកអារ្យធម៌រួម ជំរុញកិច្ចសហប្រតិបត្តិការ​លើ​ការអភិរក្ស ការចងក្រងឯកសារ ការសិក្សាស្រាវជ្រាវ និងការផ្សារភ្ជាប់ទំនាក់​ទំនង រវាងប្រជាជន និងប្រជាជន តាមរយៈការទូតវប្បធម៌ ខណៈមន្ត្រីជំនាញកម្ពុជាក៏បានចូលរួមផ្តល់យោបល់ ចែករំលែកបទពិសោធន៍ និងជួប ប្រាស្រ័យទាក់ទងជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា ថ្នាក់ដឹកនាំ និងអ្នកជំនាញនានាផងដែរ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា