ក្រុមហ៊ុនថៃ CP All បិទហាង 7-Eleven តែបន្តវត្តមាននៅកម្ពុជាតាមរយៈផ្សារ Makro | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនថៃ CP All បិទហាង 7-Eleven តែបន្តវត្តមាននៅកម្ពុជាតាមរយៈផ្សារ Makro

ក្រុមហ៊ុនថៃ CP All បិទហាង 7-Eleven តែបន្តវត្តមាននៅកម្ពុជាតាមរយៈផ្សារ Makro


ដោយសារលែងមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា ក្រុមហ៊ុនថៃ CP All បានប្រកាសបិទហាង 7-Eleven ទាំងអស់នៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននេះបន្តមានវត្តមាននៅកម្ពុជាតាមរយៈការកាន់កាប់ភាគហ៊ុននៅក្នុង​ផ្សារ Makro។ ទោះយ៉ាងណា មិនខុសពី 7-Eleven ឡើយ ផ្សារ Makro ក៏បានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនផងដែរ​បន្ទាប់ពីការរំលោភបំពានរបស់កងទ័ពថៃលើអធិបតេយ្យភាពកម្ពុជា។ 
បណ្តាញហាងទំនិញលក់រាយ 7-Eleven ទាំងអស់នៅកម្ពុជា បញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីហាងទី១បានបើកដំណើរការនៅកម្ពុជាកាលពី៥ឆ្នាំមុន។ ក្រុមហ៊ុន CP All របស់ប្រទេសថៃ ដែលជាអ្នកប្រតិបត្តិការហាង 7-Eleven បានប្រកាសពីការបិទទ្វារនេះ នៅក្នុងសេចក្តីជូនដំណឹងមួយទៅផ្សារមូលបត្រថៃ។
 
ក្រុមហ៊ុន CP All មិនបានបញ្ជាក់ពីមូលហេតុផ្លូវការនៃការបញ្ឈប់អាជីវកម្មនេះឡើយ ប៉ុន្តែជាក់ស្តែងអាជីវកម្មរបស់ 7-Eleven បានដាំក្បាលចុះពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារការធ្វើពហិការផលិតផលថៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក្រោយពេលយោធាថៃបានបើកការវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ ម៉្យាងទៀត ការបិទព្រំដែនគោកអូសបន្លាយបានធ្វើឱ្យការផ្គត់ផ្គង់ទំនិញប្រចាំថ្ងៃពីប្រទេសថៃជួបការលំបាកផងដែរ។
 
​យោងតាមការផ្សាយរបស់កាសែតថៃ The Nation បន្ទាប់ពីបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស បណ្តាញហាង 7-Eleven បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ នៅខែកញ្ញា ឆ្នាំ២០២៥ 7-Eleven មានសាខាចំនួន១២៥នៅកម្ពុជា ដែលជាកម្រិតខ្ពស់បំផុត ​ប៉ុន្តែចំនួននេះបានធ្លាក់មកនៅត្រឹម ៦៣សាខា នៅខែមីនា ឆ្នាំ២០២៦, ហើយបន្តធ្លាក់ចុះជាបន្តបន្ទាប់មកនៅត្រឹមតែ ២៣សាខាប៉ុណ្ណោះនៅចុងខែកញ្ញា ឆ្នាំ២០២៦នេះ។ មានន័យថា បណ្តាញ 7-Eleven នៅកម្ពុជាបានបាត់បង់សាខាចំនួន១០២ក្នុងរយៈពេល១២ខែ។
 
ទោះបី 7-Eleven ដកខ្លួនចេញពីកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុន CP All នៅបន្តមានវត្តមានពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន ដែលប្រតិបត្តិការអាជីវកម្មហាងលក់ទំនិញបោះដុំ Makro។​ បច្ចុប្បន្ន ផ្សារ Makro បន្តមានសាខាចំនួន២នៅរាជធានីភ្នំពេញ ដែលអស់ប្រជាប្រិយភាពក្រោយផ្ទុះជម្លោះព្រំដែន ខណៈសាខានៅខេត្តសៀមរាបត្រូវបានបិទកាលពីខែកក្កដា ឆ្នាំ២០២៦។
​
កាលពីថ្ងៃសៅរ៍ ទី២១វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ភាគីថៃមិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញវាបានក្លាយជាឱកាសមាសសម្រាប់កម្ពុជាពង្រឹងសមត្ថភាពខ្លួនឯង និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក។ សម្ដេចប្រមុខរាជរដ្ឋាភិបាលចង់ឃើញផលិតផលជាតិ ៨០% នៅលើទីផ្សារ និងផលិតនាំចូលពីក្រៅប្រទេសតែ២០% ប៉ុណ្ណោះ ក្នុងរង្វង់ពេល ១០ឆ្នាំខាងមុខ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា