ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល ក្នុងសហគមន៍នេសាទអង្កោល បើកទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-តួកគី និងជំរុញសេដ្ឋកិច្ចសហគមន៍តំបន់ឆ្នេរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល ក្នុងសហគមន៍នេសាទអង្កោល បើកទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-តួកគី និងជំរុញសេដ្ឋកិច្ចសហគមន៍តំបន់ឆ្នេរ

ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល ក្នុងសហគមន៍នេសាទអង្កោល បើកទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-តួកគី និងជំរុញសេដ្ឋកិច្ចសហគមន៍តំបន់ឆ្នេរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបង្ហាញក្ដីសោមនស្សរីករាយចំពោះសមិទ្ធិផល ផ្លូវបេតុង មិត្តភាពកែប-អ៊ីស្តង់ប៊ុល ក្នុងសហគមន៍នេសាទអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឯកឧត្តមចាត់ទុកផ្លូវនេះថា ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងប្រទេសតួកគី ទាំងនៅកម្រិតរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ខណៈផ្លូវនេះឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ ជួយសម្រួលការធ្វើដំណើរ លើកកម្ពស់ទេសចរណ៍ និងគាំទ្រជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ។

ផ្លូវបេតុងសហគមន៍នេសាទឆ្នេរអង្កោល ឬ”ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល” ស្ថិតនៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនៃពិធីបុណ្យអុំទូក កាលពីដើមសប្ដាហ៍នេះ។ សមិទ្ធិផលថ្មីនេះបានជួយឲ្យសហគមន៍នេសាទឆ្នេរអង្កោល ដែលពីមុនប្រើប្រាស់តែផ្លូវថ្មើរជើងតូចចង្អៀត ពេលនេះមានផ្លូវស្អាតល្អងាយស្រួលក្នុងការធ្វើដំណើរ។

ក្រោមការផ្តួចផ្តើម និងការកៀរគរជំនួយពីឯកឧត្តម សាយ សំអាល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប គម្រោងសាងសង់ផ្លូវបេតុងនេះត្រូវបានចាប់ផ្តើមដំណើរការ ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ ផ្លូវនេះមានបណ្តោយប្រវែង ១ ២០០ម៉ែត្រ, ទទឹង ៦ម៉ែត្រ, កម្រាស់បេតុង ១តឹកកន្លះ ហើយប្រើរយៈពេលអនុវត្ត ៩០ថ្ងៃ ដោយចំណាយថវិកាជិត ១២ម៉ឺនដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TİKA) ។

ឯកឧត្តម មេសុត អើសចាន់ ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា បានចាត់ទុកការផ្ដល់ជំនួយថវិកាស្ថាបនាផ្លូវ «ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល»នេះថា ជាការពង្រឹងចំណងមិត្តភាពកម្ពុជា-តួកគីយ៉េ ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគមន៍នេសាទ និងវិស័យទេសចរណ៍នៅតំបន់ឆ្នេរ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ផ្លូវនេះឆ្លុះបញ្ចាំងពីបេះដូង និងឆន្ទៈរបស់ប្រជាជន និងរដ្ឋាភិបាលតួកគី ក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់សមាជិកគ្រួសារក្នុងសហគមន៍ ព្រមទាំងផ្ដល់ផលចំណេញដល់សហគមន៍។ ឯកឧត្តមបញ្ជាក់ថា ការគិតគូររបស់រដ្ឋាភិបាលតួកគីនេះ គឺស៊ីសង្វាក់ទៅនឹងអ្វីដែលជាការគិតគូររបស់ក្រុមការងាររាជរដ្ឋាភិបាលផងដែរ ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា តំបន់ឆ្នេរនៃប្រទេសកម្ពុជារួមមាន ខេត្តកែប កំពត និងខេត្តព្រះសីហនុ ត្រូវបានកំណត់ជារបៀងសេដ្ឋកិច្ចដ៏សំខាន់ ហើយជាក់ស្ដែងតំបន់នេះ ពិតជាមានតួនាទីសំខាន់ណាស់ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវមានភារកិច្ចជួយរៀបចំខឿនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គម ដើម្បីឱ្យពលរដ្ឋអាចចាប់យកឱកាសរីកចម្រើនបាន ។

ចំពោះខេត្តកែប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដោយសារខេត្តនេះ មានទំហំតូច និងមានសក្ដានុពលជាកន្លែងលំហែ ដូច្នេះ ការជំរុញវិស័យទេសចរណ៍គឺជាគន្លឹះសំខាន់។ ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ដូចជា ផ្លូវ ភ្លើងសូឡា ទឹក ធនាគារ ការថែរក្សាបរិស្ថាន និងការលើកកម្ពស់គុណភាពជីវិត សិល្បៈ វប្បធម៌ និងកីឡា ដើម្បីប្រែក្លាយខេត្តកែបឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋជាជំហានៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ផ្លូវមិត្តភាពកែប-អ៊ីស្តង់ប៊ុល នឹងបើកទំព័រថ្មីនៃទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងតួកគី ដែលនឹងជួយជំរុញខឿនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋសហគមន៍តំបន់ឆ្នេរឲ្យកាន់តែល្អប្រសើរថែមទៀត ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា