លោក ត្រាំ និងប្រមុខណាតូ រួមគ្នាជំរុញ រុស្ស៊ី កុំពង្រីកសង្គ្រាមអ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពកំពុងបន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ និងប្រមុខណាតូ រួមគ្នាជំរុញ រុស្ស៊ី កុំពង្រីកសង្គ្រាមអ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពកំពុងបន្ត

លោក ត្រាំ និងប្រមុខណាតូ រួមគ្នាជំរុញ រុស្ស៊ី កុំពង្រីកសង្គ្រាមអ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពកំពុងបន្ត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធ បន្ទាប់ពីជំនួបនៅរដ្ឋផ្លរីដា ដោយបានជំរុញឱ្យប្រទេសរុស្ស៊ីចៀសវាងនូវការ «ពង្រីកសង្គ្រាម» នៅអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា កិច្ចពិភាក្សាបិទទ្វារ នៅរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ គឺជាជំនួបដ៏ «ល្អប្រសើរ» និង «មានឥទ្ធិពលខ្លាំង» ដោយផ្តោតសំខាន់លើសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅអ៊ីរ៉ង់។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ដែលរុស្ស៊ីត្រូវចៀសវាងរាល់សកម្មភាពទាំងឡាយណា ដែលពង្រីកសង្គ្រាមដោយចេតនា ឬ អចេតនា និងភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។

ការអំពាវនាវរួមគ្នានេះ ធ្វើឡើងបើទោះបីជាកាលពីសប្តាហ៍មុន លោក ត្រាំ បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា «មិត្តរបស់លោក» អំឡុងពេលជួបប្រជុំគ្នា នៅប្រទេសចិនក៏ដោយ។ ពាក្យសម្តីរបស់លោក ត្រាំ បានធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនពេញចិត្ត ដោយលោកបានប្រាប់ទូរទស្សន៍ CNN ថា «សម្រាប់ពួកយើង គាត់គឺជាឃាតករ»។

ទោះជាយ៉ាងណា, លោក Mark Rutte បានការពារវិធីសាស្ត្ររបស់លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដោយលើកឡើងថា ជំនួបនៅទីក្រុងសិនជិន គឺជាការ «សាកល្បង» លោក ពូទីន ថា តើគាត់មានឆន្ទៈពិតប្រាកដក្នុងការចូលតុចរចាដែរឬទេ។

លោក Mark Rutte បញ្ជាក់ថា ការដាក់សម្ពាធលើរុស្ស៊ីកំពុងមានប្រសិទ្ធភាព ហើយត្រូវតែបន្តធ្វើបែបនេះទៀត។ ដោយឡែក លោក ត្រាំ បានអះអាងក្រោយជំនួបជាមួយលោក ពូទីន ថា មេដឹកនាំរុស្ស៊ីរូបនេះចង់ឃើញសង្គ្រាមបញ្ចប់តាម «មធ្យោបាយការទូត»។

ជំនួបនៅរដ្ឋផ្លរីដានេះ កើតឡើងស្របពេលដែលបណ្តាប្រទេសនៅអឺរ៉ុបបានបង្ហាញបំណងចង់ចូលរួមក្នុងកិច្ចចរចាបឋម ដែលកន្លងមក មានតែអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ។

លោក Mark Rutte បានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងទាំងអស់ ទោះជាកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់រយៈពេលវែងក៏ដោយ ត្រូវតែរួមបញ្ចូលការធានាសន្តិសុខសម្រាប់អ៊ុយក្រែនទៅថ្ងៃអនាគត ហើយបច្ចុប្បន្ន ត្រូវបន្តផ្តល់អ្វីដែលអ៊ុយក្រែនត្រូវការដើម្បីបន្តការប្រយុទ្ធ និងដាក់សម្ពាធជាអតិបរមាលើរុស្ស៊ី។

ក្រៅពីបញ្ហាអ៊ុយក្រែន, លោក ត្រាំ និងលោក Mark Rutte ក៏បានពិភាក្សាអំពីការបង្កើនការចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តណាតូផងដែរ ខណៈដែលប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth ត្រូវបានគេរំពឹងថា នឹងប្រកាសពីការពិនិត្យឡើងវិញ នូវវត្តមានកងទ័ពអាមេរិកនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា