អ្នកជំនាញបារម្ភថាការស្នើដំឡើងពន្ធគយរបស់អាមេរិក អាចជះឥទ្ធិពលដល់ការប្រកួតប្រជែងទំនិញនាំចេញរបស់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញបារម្ភថាការស្នើដំឡើងពន្ធគយរបស់អាមេរិក អាចជះឥទ្ធិពលដល់ការប្រកួតប្រជែងទំនិញនាំចេញរបស់កម្ពុជា

អ្នកជំនាញបារម្ភថាការស្នើដំឡើងពន្ធគយរបស់អាមេរិក អាចជះឥទ្ធិពលដល់ការប្រកួតប្រជែងទំនិញនាំចេញរបស់កម្ពុជា

រដ្ឋបាលអាមេរិក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានស្នើដំឡើងពន្ធគយថ្មីលើដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដោយសារសហរដ្ឋអាមេរិកយល់ថា ប្រទេសទាំងនោះបានឧបត្ថម្ភធុនខុសច្បាប់ដល់វិស័យឧស្សាហកម្ម ដែលបណ្តាលឲ្យមានអតិរេកផលិតកម្ម ហើយអាចប៉ះពាល់ដល់ឧស្សាហកម្មអាមេរិក។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថាការដាក់សំណើដំឡើងពន្ធគយរបស់រដ្ឋបាលសហរដ្ឋអាមេរិក អាចបង្កផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្មកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។

ជាក់ស្ដែង ទិន្នន័យចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ១៣ពាន់លានដុល្លារអាមេរិក។

ចំណែក បណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ សន្តិសុខអន្តរជាតិ យល់ឃើញថា ការដាក់សំណើដំឡើងពន្ធគយរបស់រដ្ឋបាលសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់អាមេរិក ដែលផ្តោតសំខាន់លើការការពារផលិតកម្មក្នុងស្រុក ការកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការជំរុញការចរចាពាណិជ្ជកម្មជាមួយដៃគូនានា និងជាសញ្ញានៃការចាប់ផ្តើមនៃការចរចាពាណិជ្ជកម្មអន្តរជាតិ។

សម្រាប់កម្ពុជា ការដំឡើងពន្ធគយឡើងវិញ មានន័យថា នឹងបង្កើនការចំណាយដូចជាថ្លៃដើមទំនិញនៅលើទីផ្សារអាមេរិក ដែលអាចនឹងជះឥទ្ធិពលលើការប្រកួតប្រជែងរយៈពេលខ្លី និងលើវិស័យមួយចំនួនដូចជា វាយនភណ្ឌ ឧស្សាហកម្ម កសិកម្ម ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគ ជាដើម។

ស្ថានភាពនេះអាចជាកម្លាំងជំរុញឱ្យកម្ពុជាពន្លឿនការចរចាទ្វេភាគីជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកចំណុចរួម ទន្ទឹមនឹងការបន្តពង្រីកទីផ្សារនាំចេញទៅកាន់តំបន់ផ្សេងៗទៀត ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី អាស៊ាន អឺរ៉ុប មជ្ឈិមបូព៌ា និងដៃគូពាណិជ្ជកម្មសេរីដទៃទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើទីផ្សារតែមួយ។

សូមបញ្ជាក់ថា​ ក្នុងវិធានការពន្ធថ្មីនេះ តំណាងពាណិជ្ជកម្មអាមេរិកបានស្នើដំឡើងពន្ធគយក្នុងអត្រាខុសៗគ្នាទៅតាមប្រទេសនីមួយៗ ក្នុងនោះវៀតណាមអាចជាប់ពន្ធខ្ពស់ជាងគេ គឺរហូតដល់៣៥% ចំណែក កម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងបង់ក្លាដែស អាចជាប់ពន្ធត្រឹម ១៨%។ អត្រាពន្ធថ្មីនេះ អាចនឹងអនុវត្តក្នុងរយៈពេលមួយខែទៀត ដោយសារអាមេរិកត្រូវទុកពេលដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា