សមាជិកព្រឹទ្ធសភាអាម៉េរិក គាំទ្រការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញវិស័យថាមពល-រ៉ែ មកកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកព្រឹទ្ធសភាអាម៉េរិក គាំទ្រការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញវិស័យថាមពល-រ៉ែ មកកម្ពុជា

សមាជិកព្រឹទ្ធសភាអាម៉េរិក គាំទ្រការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញវិស័យថាមពល-រ៉ែ មកកម្ពុជា

ភ្នំពេញ៖​ សមាជិកព្រឹទ្ធសភាអាម៉េរិក បានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើ​វិស័យវិស័យ​ថាមពល និងធនធានរ៉ែ មកកម្ពុជា សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ខណៈកម្ពុជា និងសហរដ្ឋអាម៉េរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអនុញ្ញាតជូន ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន សន្តិភាព។

ក្នុងឱកាសនៃជំនួបឯកឧត្តមសមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួល​ស្វាគមន៍​យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ​ភាពរីក​ចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ។ឯកឧត្តម​បានគូសបញ្ជាក់ពីការគាំទ្រដល់​ការ​ផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាម៉េរិកលើ​វិស័យវិស័យ​ថាមពល និងធនធានរ៉ែ មកកម្ពុជា សំដៅពង្រឹងភាពធន់នៃសេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់​តែរឹងមាំថែមទៀត ខណៈកម្ពុជា និងសហរដ្ឋអាម៉េរិក នៅមានសក្តានុពលលើវិស័យសំខាន់ៗជាច្រើនទៀត ដែលអាចបន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប សម្តេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមសមាជិកព្រឹទ្ធសភាអាម៉េរិក ដែលបានអញ្ជើញមក​បំពេញ​ទស្សន​កិច្ចការងារនៅកម្ពុជា នាឱកាសនេះ។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេ​ភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាល​កំពុងខិតខំជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត ។

សម្តេចធិបតីបានសម្តែងនូវការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាម៉េរិក ដែលកំពុងបណ្តាក់ទុន​វិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជាក់ថា វិនិយោគិនអាម៉េរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។

សម្តេចធិបតី និងឯកឧត្តមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាប្រឈមសំខាន់ៗដែលជា​ផលប្រយោជន៍រួម ក្នុងនោះរួមមាន ការវិវត្តនៃស្ថានភាពប្រជាសាស្ត្រ និងការថែរក្សាសុខសន្ដិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក ។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានដើរតួនាទី និងជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ នាពេលកន្លងមក និងនៅតែបន្តយកចិត្តទុក ចំពោះ ស្ថានភាព ព្រំដែន កម្ពុជា-ថៃ ហើយសហរដ្ឋអាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ។

សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្ដមសមាជិកព្រឹទ្ធសភាអាមេរិក អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់​អំពីការ​ប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ៕


ដោយ៖​ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា