រដ្ឋសភាកំណត់យកថ្ងៃទី៣០ វិច្ឆិកា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាកំណត់យកថ្ងៃទី៣០ វិច្ឆិកា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤

រដ្ឋសភាកំណត់យកថ្ងៃទី៣០ វិច្ឆិកា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤

ភ្នំពេញ៖ របៀបវារៈហិរញ្ញវត្ថុជាតិ ការធ្វើទំនើបកម្មពាណិជ្ជកម្មតំបន់ និងជំហានឆ្ពោះទៅរកអភិបាលកិច្ចបច្ចេកវិទ្យាអនាគតរបស់កម្ពុជា នឹង ត្រូវលើកយកមកសម្រេចក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ការកំណត់កាលបរិច្ឆេទ នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ដែលគណៈកម្មការជំនាញ​បាន​ពិនិត្យសិក្សា​រួចរាល់។កិច្ចប្រជុំក៏បានសម្រេចដាក់ចូលទៅក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។សេចក្តីព្រាងច្បាប់ទាំង ៤ ដែលនឹងត្រូវដាក់ជូនរដ្ឋសភាពេញអង្គពិភាក្សា និងអនុម័ត រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។
សេចក្តីព្រាងច្បាប់ថវិកាជាតិ​ប្រចាំឆ្នាំ​នេះ មាន ៦ ជំពូក និង ១៦ មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ ខ្លឹមសារស្នូលនៃច្បាប់នេះ ផ្តោតអាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការធានានិរន្តរភាពប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ព្រមទាំងការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច។

២. សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។សេចក្តីព្រាងច្បាប់នេះ មាន ៥ ជំពូក និង ២៩ មាត្រា ដែលបង្ហាញពីតុល្យភាពនៃការអនុវត្តថវិកាជាតិ និងថ្នាក់ក្រោមជាតិ។
៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
សេចក្តីព្រាង​ច្បាប់​ដែលមាន ៣ មាត្រា និងបរិសិដ្ឋ ១ (មាន ១៧ ជំពូក និង ១៦៩ មាត្រា) នេះ មានគោលដៅធ្វើទំនើបកម្មកិច្ចព្រមព្រៀង​ពាណិជ្ជកម្មឱ្យឆ្លើយតបទៅនឹងបរិយាកាសសេដ្ឋកិច្ចសកល។ វិសោធនកម្មនេះ នឹងជួយបង្កើនសេរីភាវូបនីយកម្មទីផ្សារទំនិញ ពង្រឹងខ្សែ​ច្រវាក់​ផលិតកម្មតំបន់ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច​អាស៊ានកាន់​តែស៊ីជម្រៅ។

ចំណែកទី៤. គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការ​បញ្ញាសិប្បនិម្មិត​ពិភព​លោក។ច្បាប់នេះគឺជារបត់ថ្មីមួយដែលនឹងនាំកម្ពុជាឱ្យឈានហួសពីតួនាទីត្រឹម​តែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យា» ទៅជាប្រទេសដែល​មានឱកាសចូលរួមតាំងពីដំណាក់កាលដំបូង ក្នុងការរៀបចំអភិបាលកិច្ច និងកំណត់ទិសដៅអនាគតនៃបញ្ញាសិប្បនិម្មិត (AI) លើឆាក​អន្តរជាតិ។ អង្គការអន្តររដ្ឋាភិបាលឯករាជ្យនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកាត់បន្ថយគម្លាតឌីជីថល ទាញយកផលប្រយោជន៍​ពីបដិវត្តន៍ AI មកជំរុញសេដ្ឋកិច្ចជាតិ ព្រមទាំងធានាឱ្យការប្រើប្រាស់ AI មានសុវត្ថិភាព សន្តិសុខ និងក្រមសីលធម៌ខ្ពស់ ៕


ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា