មន្រ្តីបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃ ព្រួយបារម្ភពីកង្វះប្រភពទឹកសម្រាប់សត្វព្រៃដោយសារបញ្ហាអាកាសធាតុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃ ព្រួយបារម្ភពីកង្វះប្រភពទឹកសម្រាប់សត្វព្រៃដោយសារបញ្ហាអាកាសធាតុ

មន្រ្តីបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃ ព្រួយបារម្ភពីកង្វះប្រភពទឹកសម្រាប់សត្វព្រៃដោយសារបញ្ហាអាកាសធាតុ

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងប្រធានអង្គការអភិរក្សសត្វព្រៃមួយចំនួននៅកម្ពុជា បង្ហាញការព្រួយបារម្ភពីការខ្វះប្រភពទឹក និងចំណីអាហារសម្រាប់ព្រៃនៅក្នុងរដូវប្រាំង ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសរលកកម្ដៅខ្លាំងពីបាតុភូតអែលនីញ៉ូ (El Niño)។ បាតុភូតធម្មជាតិនេះអាចបន្តមានឥទ្ធិពលលើកម្ពុជារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
 
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ចំពោះបញ្ហាខាងលើនេះ ក្រសួងបរិស្ថានមានការព្រួយបារម្ភពីផលប៉ះពាល់លើបរិស្ថាន ជីវៈចម្រុះ និងសត្វព្រៃ។ ឯកឧត្តមបញ្ជាក់ថា ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចេញសេច​ក្ដីណែនាំជាបន្តបន្ទាប់ ទប់ស្កាត់ភ្លើង​ឆេះព្រៃ ការដុ​ត​​សំ​រាម និងចូលរួមការប្រើប្រាស់ថាមពលដោយសន្សំសំចៃ។
 
ស្រដៀងគ្នានេះ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏មានការព្រួយបារម្ភពីកង្វះប្រភពទឹក និងចំណីអាហារសម្រាប់សត្វព្រៃនៅកម្ពុជាផងដែរ។
 
លោកបន្តថា «សត្វព្រៃប្រាកដណាស់វានឹងប៉ះពាល់ទៅដល់ប្រភពទឹកប្រភពចំណីរបស់វា ​ជាពិសេសប្រ​ភពទឹក ដូចកន្លងមកយើងបានធ្វើការស្រាវជ្រាវហើយ ហើយត្រពាំងនៅតាមនៅក្នុងព្រៃមិនទាន់មានបាតុ​ភូត El Nino នេះផង វាមានការគោករាក់ ខ្វះទឹកសម្រាប់សត្វព្រៃ ចឹងហើយបានយើងមានកម្មវិធីស្ដាត្រ​ពាំង ឆ្នាំនេះបើសិនវាមានបាតុភូតរាំងស្ងួតកាន់តែខ្លាំងកត្តានឹងវាកាន់តែខ្ពស់។»
 
នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយក្រសួងបរិស្ថាន ជីកស្ដាត្រពាំង ដែលជាប្រភពទឹកសម្រាប់សត្វព្រៃនៅកម្ពុជាចំនួន ២០ត្រពាំងនៅតំបន់អភិរក្សសត្វព្រៃមួយចំនួន ដូចជា តំបន់អភិរក្សសត្វព្រៃលំផាត់ជាដើម។ ការស្តាត្រពាំងទាំងនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០២២ មកម្ល៉េះ និងបានកៀរគរថវិកាបន្ថែមត្រៀមស្តាត្រពាំងមួយចំនួនទៀតនៅដើមឆ្នាំក្រោយ។
 
បើតាមនាយកអង្គការរូបនេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន បានអង្កេតតាមដានជាប្រចាំពីកម្រិតប្រភពទឹកត្រពាំងនៅក្នុងព្រៃ ហើយផលប៉ះពាល់នៅពេលជួបគ្រោះរាំងស្ងួត។
 
ក្រៅពីអង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការអភិរក្សសត្វព្រៃនៅកម្ពុជាដទៃទៀត​ក៏បានជីកស្តាស្រះ ប្រឡាយ ត្រពាំង ដែលជាប្រភពទឹកសម្រាប់សត្វព្រៃនៅតំបន់អភិរក្សផងដែរ។ តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន ៧៣តំបន់ មានផ្ទៃដីជាង ៣៩% នៃផ្ទៃដីប្រទេស៕

សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា