AHF ទទូចដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ពង្រឹងការប្តេជ្ញាចិត្តឆ្លើយតបមេរោគអេដស៍ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AHF ទទូចដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ពង្រឹងការប្តេជ្ញាចិត្តឆ្លើយតបមេរោគអេដស៍ឡើងវិញ

AHF ទទូចដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ពង្រឹងការប្តេជ្ញាចិត្តឆ្លើយតបមេរោគអេដស៍ឡើងវិញ

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ដែលហៅកាត់ថា AHF បានធ្វើការអំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ចាត់វិធានការពង្រឹងការប្តេជ្ញាចិត្តឆ្លើយតបមេរោគអេដស៍​ឡើងវិញ ខណៈជំងឺនេះនៅមិនទាន់បញ្ចប់នៅឡើយ។
 
ការទទូចនេះធ្វើឡើងក្នុងសន្និសីទ្ធសារព័ត៌មាន សម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ «បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន» ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
 
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំកម្ពុជា នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រសាសន៍ថា ការរៀបចំសន្និសីទសារព័ត៍មាននេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញសញ្ញាអាសន្នដាស់តឿនថា បញ្ហាជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ។ ដូចនេះ លោកវេជ្ជបណ្ឌិតសូមអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំនានាទាំងនៅក្នុងប្រទេស​កម្ពុជា និងនៅលើឆាកអន្តរជាតិ ឱ្យពង្រឹងការប្តេជ្ញាចិត្តឡើងវិញ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
 


លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ការឆ្លើយតបចំពោះមេរោគអេដស៍នៅកម្ពុជា មិនគួរគ្រាន់តែផ្តោតលើការពង្រីកវិសាលភាពនៃការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាផងដែរថា អ្នកដែលរស់នៅជាមួយមេរោគនេះអាចរក្សាសុខភាពបានល្អ ទទួលបានសេវាផ្សេងៗដោយគ្មានការរើសអើង ព្រមទាំងអាចបន្តការសិក្សា និងការងាររបស់ពួកគេបានដែលជាជីវិតប្រចាំថ្ងៃ។
 
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងពេលដែលការឆ្លងមេរោគថ្មីនៅតែបន្តកើតមានក្នុងចំណោមយុវជន ហើយការផ្តល់មូលនិធិពីខាងក្រៅកំពុងជួបការលំបាកនោះ បញ្ហាប្រឈមសំខាន់គឺត្រូវធានាថា វឌ្ឍនភាពនៃការព្យាបាល ត្រូវតែស្រមទៅដោយការវិនិយោគប្រកបដោយនិរន្តរភាពលើការងារបង្ការ ការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងការគាំទ្រពីសហគមន៍។
 
នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលសង្ស័យថា មានឆ្លងមេរោគអេដស៍ត្រូវរួសរាន់ទៅធ្វើតេស្តរកមេរោគអេដស៍ ព្រោះថា បើរកឃើញអាចព្យាបាលបានលឿនរហ័សទប់ស្កាត់ការចម្លងទៅអ្នកដទៃ ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តីបានឱ្យដឹងថា អត្រាឆ្លងថ្មីនៃមេរោគអេដស៍នៅមានចំនួនខ្ពស់នៅឡើយដោយក្នុង១ឆ្នាំមានអ្នកឆ្លងថ្មីប្រមាណ ៩៦០នាក់ និងមានអ្នកស្លាប់ប្រមាណជាង១ពាន់នាក់​ ខណៈមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ ៧៦០០០នាក់ ក្នុងនោះមានអ្នកទទួលបានឱសថប្រឆាំងនឹងមេរោគអេដស៍ប្រមាណ ៧៣០០០នាក់។


 
ជាមួយគ្នានេះ លោក ជួប សុខចំរើន ប្រធានក្រុមប្រឹក្សាភិបាល HACC ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងក្នុងគ្រួសារ បុគ្គល និងសហគមន៍កុំនៅស្ងៀមត្រូវនាំគ្នានិយាយពីជំងឺអេដស៍ព្រោះថា ជំងឺអេដស៍នៅមិនទាន់ចប់នៅឡើយទេ និងជំរុញឱ្យអ្នកសង្ស័យថាមានមេរោគអេដស៍ត្រូវក្លាហានចេញទៅធ្វើតេស្តរកមេរោគអដស៍ពិសេសអ្នកសង្ស័យថា មានឆ្លងលាក់មុខមិនទាន់បានទៅធ្វើតេស្តប្រមាណ ៣ពាន់នាក់ សូមទៅធ្វើតេស្ត ព្រោះនៅប្រទេសកម្ពុជាមានកន្លែងធ្វើតេស្តច្រើនណាស់ហើយរក្សាការសំងាត់ជូនបងប្អូនទៀត។
 
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចន ផាន់ណា, ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងសម្រេចបាននូវគោលដៅកាត់បន្ថយករណីឆ្លងថ្មីប្រចាំឆ្នាំឱ្យនៅក្រោម ២៥០ ករណីត្រឹមឆ្នាំ២០៣០ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើនថវិកាជាតិដើម្បីជំនួសជំនួយអន្តរជាតិដែលកំពុងថយចុះ។ បញ្ចូលសេវាថែទាំមេរោគអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈទូទៅ និងបន្តគាំទ្រសកម្មភាពផ្សព្វផ្សាយដែលដឹកនាំដោយសហគមន៍ ដើម្បីលុបបំបាត់ការមាក់ងាយ និងការរើសអើង៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា