បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មិនបានវាយប្រហារកូវ៉ែតទេ ហើយថា មានអ្នកទម្លាក់កំហុសមកលើខ្លួន

អ៊ីរ៉ង់ ថា មិនបានវាយប្រហារកូវ៉ែតទេ ហើយថា មានអ្នកទម្លាក់កំហុសមកលើខ្លួន

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានធានាជាមួយសមភាគីកូវ៉ែតថា ទីក្រុងតេហេរ៉ង់មិនមានការពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនដ៏ប្រល័យមកលើប្រទេសកូវ៉ែតនោះទេ ព្រមទាំង បានស្នើឱ្យធ្វើការស៊ើបអង្កេតរួមគ្នាមួយទៅលើហេតុការណ៍នេះ ដោយចោទថា មានអ្នកធ្វើរឿងនេះ ហើយទម្លាក់កំហុសមកលើទីក្រុងតេហេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X, លោក Araghchi បានមានប្រសាសន៍ថា លោកបានសន្ទនាដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani និងរដ្ឋមន្ត្រីការបរទេសកូវ៉ែត លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah ព្រមទាំង បានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ជនជាតិអ៊ីតាលីពីរនាក់ នៅក្នុងការវាយប្រហារនោះ។

លោក Araghchi បានថ្លែងថា «ហេតុការណ៍នេះគឺគួរឱ្យសង្ស័យ ហើយមើលទៅហាក់ដូចជាផែនការដែលត្រូវបានរៀបចំទុកជាមុនដើម្បីបង្កសង្គ្រាម»។

លោកបានបន្ថែមថា «យើងត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសកូវ៉ែត និងអ៊ីតាលី ដើម្បីកំណត់រកមូលហេតុនៃហេតុការណ៍នេះ»។

មុននេះបន្តិច ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា លោក Araghchi បាន «បដិសេធទាំងស្រុងចំពោះការចោទប្រកាន់» អំពីការពាក់ព័ន្ធរបស់ទីក្រុងតេហេរ៉ង់នៅក្នុងការវាយប្រហារដោយដ្រូន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូវ៉ែត។

បើតាម anadolu , ការលើកឡើងរបស់លោកបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់កូវ៉ែត និងបានចោទថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកមានការពាក់ព័ន្ធនឹងប្រតិបត្តិការបំភ័ន្តភ្នែក ហើយ ទម្លាក់កំហុសឱ្យភាគីម្ខាងទៀត។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់, លោក Araghchi បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិត និងការខូចខាតសម្ភារៈដែលបង្កឡើងដោយហេតុការណ៍នេះ៕

ប្រភព ៖ anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា