បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកព្រឹទ្ធសភាអាម៉េរិក៖ កម្ពុជាបានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេស

សមាជិកព្រឹទ្ធសភាអាម៉េរិក៖ កម្ពុជាបានប្រែមុខមាត់ថ្មី ក្រោមការដឹកនាំមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេស

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន សមាជិកព្រឹទ្ធសភាអាម៉េរិកបានកោតសរសើរការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេស។

ប្រទេសកម្ពុជា បានឆ្លងកាត់ប្រវត្តិសាស្ត្រសង្គ្រាមជាច្រើន ជាពិសេស របបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងឃោរឃៅ ។ តែបច្ចុប្បន្ន កម្ពុជាបានប្រែមុខមាត់ថ្មី ដោយសារការដឹកនាំមួយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេស ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ស្ទីវ ដេនស៍ (Steven Daines) សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានសាមគ្គីភាព នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងការស្វាគមន៍ចំពោះឯកឧត្តម និងប្រតិភូក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចបានចាត់ទុកថា វត្តមានឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ ជាឱកាសក្នុងការស្វែងយល់អំពី ស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាផ្នែកមួយជួយជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា និងអាមេរិកឱ្យកាន់តែរីកចម្រើន។

នៅក្នុងឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភាអាមេរិក បានសម្ដែងក្តីរំភើបរីករាយ នៅពេលដែលឯកឧត្តម និងភរិយា បានមកដល់ប្រទេសកម្ពុជា ដោយលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ ហើយពេលមកដល់ប្រទេសកម្ពុជា ឯកឧត្តមបានធ្វើដំណើរទៅទស្សនាតំបន់សំខាន់ៗមួយចំនួន ជាពិសេសនោះ គឺបានទៅដល់ប្រាសាទអង្គរវត្តផងដែរ។

ឯកឧត្តម បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រសង្គ្រាមជាច្រើន ជាពិសេសរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។ ឯកឧត្តមបានលើកឡើងថា នៅពេលបានដឹង និងអានប្រវត្តិរបស់កម្ពុជា ឯកឧត្តមមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះរបបឃោរឃៅនោះ។ តែយ៉ាងណាក៏ដោយ ឯកឧត្តមបានជម្រាបសម្ដេចតេជោថា ឯកឧត្តម បានឃើញកម្ពុជាបានប្រែមុខមាត់ថ្មី នាពេលបច្ចុប្បន្ន ដោយសារតែការដឹកនាំមួយដ៏ត្រឹមត្រូវរបស់កម្ពុជា ។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលកំពុងតែបោះជំហានទៅមុខដ៏ល្អប្រសើរ ទន្ទឹមគ្នាជាមួយទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ដែលកំពុងតែមានការកើនឡើងផងដែរ ។

សម្ដេចតេជោ ក៏យកឱកាសនេះ អរគុណដល់សហរដ្ឋអាមេរិក ដែលជួយគាំទ្រកម្ពុជាកន្លងមក ជាពិសេស ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា