បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានហាលខាងកើតប្រាសាទបេងមាលា ចាប់ផ្តើមជួសជុលដំណាក់កាលទី២ ក្រោមជំនួយជាង៤១ម៉ឺនដុល្លារពីចិន

ស្ពានហាលខាងកើតប្រាសាទបេងមាលា ចាប់ផ្តើមជួសជុលដំណាក់កាលទី២ ក្រោមជំនួយជាង៤១ម៉ឺនដុល្លារពីចិន


អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុល ស្ពានហាលខាងកើតប្រាសាទបេងមាលា ដំណាក់កាលទី២ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គម្រោងដំណាក់កាលទី២នេះ មានប្រវែងសរុប ១៥០ ម៉ែត្រ ដោយបន្តជួសជុលផ្នែកដែលនៅសេសសល់នៃរចនាសម្ព័ន្ធស្ពានហាលខាងកើត ខឿនរបស់ខ្លោងទ្វារ ប្រព័ន្ធលូបង្ហូរទឹក សសរគោល និងផ្នែកខ្លះនៃផ្លូវចូលខាងកើត។
 
គម្រោងជួសជុលនេះគឺស្ថិតក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៤១ម៉ឺន ៣ពាន់ដុល្លារអាមេរិក។
 
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងថា ចិននឹងបន្តគាំទ្រកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌។ លោកសង្ឃឹមថា ក្រោយការជួសជុលរួចរាល់ ស្ពានហាលខាងកើតប្រាសាទបេងមាលានឹងមានភាពរស់រវើកឡើងវិញ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន ដែលជួយលើកតម្កើងតម្លៃវប្បធម៌ខ្មែរឱ្យកាន់តែលេចធ្លោ។
 
ឯកឧត្តម កែវ កាន់វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ប្រាសាទបេងមាលា គឺជាស្នាដៃស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតដ៏វិសេសវិសាល ជំនាញវិស្វកម្ម សមិទ្ធផលសិល្បៈ និងតម្លៃខាងស្មារតីនៃអារ្យធម៌ខ្មែរ។
 
ឯកឧត្តមបញ្ជាក់ថា ការជួសជុលប្រាសាទបេងមាលា មិនត្រឹមតែមានសារៈសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចសហការល្អរវាងប្រទេសក្នុងតំបន់ ជួយពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ តាមរយៈកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
 
ប្រាសាទបេងមាលា ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាបថអង្គរវត្ត លើផ្ទៃដីរាបស្មើទំហំប្រមាណ១៤ហិកតា និងមានកំពែងព័ទ្ធជុំវិញចំនួន៣ជាន់។ ប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។
 
ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតនៅទិសអាគ្នេយ៍នៃភ្នំគូលែន និងមានចម្ងាយប្រមាណ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា