កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ដើម្បីទៅចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម(CLMV) លើកទី១២ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម មីន អោងឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ កិច្ចប្រជុំកំពូលទាំងពីរនេះ គឺជាជំនួបដ៏មានសារៈសំខាន់រវាងមេដឹកនាំប្រទេសមានព្រំដែនជាប់គ្នារួមមានកម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ។

អញ្ជើញអមដំណើរសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំកំពូលខាងលើនេះ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។

បើតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរក ACMECS ដែលមានភាពឆ្លាតវៃ និងចីរភាព» កិច្ចប្រជុំកំពូល ACMECS លើកទី១១ នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោបាយ ដើម្បីជំរុញបន្ថែមទៀតការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ដោយឡែកកិច្ចប្រជុំកំពូល CLMV លើកទី១២ ប្រព្រឹត្តក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV ការទាញយកសក្តានុពល – ការកសាងអនាគតប្រកបដោយវិបុលភាព» នឹងពិនិត្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ដោយផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជនន ប្រទេសទាំងបួន។

បើតាមក្រសួងការបរទេសកម្ពុជា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ក៏នឹងមានពិធីផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា ។

ប្រភពដដែលឱ្យដឹងទៀតថា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយសមភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក ។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ឬ ACMECS គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុតំបន់ ដែលបង្កើតឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយតុល្យភាព កាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក និងជំរុញវិបុលភាពប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចំនួន ៥ ជាសមាជិករួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ។ គោលបំណងចម្បងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះរួមមាន៖ ការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការតភ្ជាប់ក្នុងតំបន់, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋជាសមាជិក និងកិច្ចសហការលើវិស័យសំខាន់ៗដទៃទៀត ដោយផ្តោតលើវិស័យកសិកម្ម ឧស្សាហកម្ម បរិស្ថាន នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស ។
ចំណែកកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហៅកាត់ថា CLMV គឺជាកិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់មួយ ដែលបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិកអាស៊ានថ្មីទាំង ៤ និងប្រទេសសមាជិកអាស៊ានចាស់ទាំង ៦ ព្រមទាំងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ក្នុងខែធ្នូ ឆ្នាំ២០០៣ ដោយមានប្រទេសចំនួន៤ជាសមាជិករួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឡាវ។ កិច្ចប្រជុំកំពូល CLMV លើកដំបូងត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ៕
ដោយ៖វណ្ណលុក
































