ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអរគុណមិត្តចិន ដែលតែងតែផ្ដល់ការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ។សម្ដេចធិបតីបាន ថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតជូនលោកជំទាវ ធៀ នីង (Tie Ning) អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ,លោកជំទាវអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍បានបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី, កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជា។ លោកជំទាវបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, កម្ពុជា-ចិន សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ហើយភាគីចិននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីសម្រេចនូវសមិទ្ធផលប្រកបដោយផ្លែផ្កាកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ, ទាំងកិច្ចសហប្រតិបត្តិការនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជារវាងរដ្ឋាភិបាលទាំងពីរ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្ដល់ការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ក្នុងជំនួបនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម កសិកម្ម, ការគ្រប់គ្រងធនធានទឹក ក៏ដូចជាការបណ្ដុះបណ្ដាលផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។សម្ដេចធិបតី និងលោកជំទាវ ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជិត២០ ពាន់លានដុល្លារនៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៦ ដោយកើនឡើង ២៣,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់ ១៥,៩៤ ពាន់លានដុល្លារ។នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ។
ចំណែកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់បណ្ដាញព័ត៌មាន AMS ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន បានជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បន្តមានកំណើន ។
ដោយឡែកទាក់ទងនឹងដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ ធៀ នីង អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ មានគោលបំណងបន្តរក្សា និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីកសាង និងពង្រឹងនីតិរដ្ឋ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងសំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕
ដោយ៖វណ្ណលុក
































